ក្រុមអ្នកជំនាញប្រើប្រាស់កោសិកាដើមដើម្បីបង្កើតអំប្រ៊ីយ៉ុង (ទម្រង់ដំបូងរបស់ទារកក្នុងស្បូន) គំរូ ដោយមិនបាច់មានស៊ុតមេជីវិតញី ឬមេជីវិតឈ្មោល ដើម្បីស្វែងយល់អំពីដំណាក់កាលដំបូងរបស់ទារកក្នុងផ្ទៃ។
លោកស្រី Magdalena Zernicka-Goetz សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Cambridge និងវិទ្យាស្ថានបច្ចេកវិទ្យា California បានអធិប្បាយអំពីលទ្ធផលនៃការស្រាវជ្រាវថ្មីខាងលើ កាលពីថ្ងៃទី 14 មិថុនា 2023 នៅសហរដ្ឋអាម៉េរិក។
លោកស្រី Magdalena ថ្លែងថា «យើងអាចបង្កើតបានអំប្រ៊ីយ៉ុងគំរូ ដែលដូចទៅនឹងទារកក្នុងផ្ទៃមនុស្សដំណាក់កាលដំបូង តាមរយៈការរៀបចំឡើងវិញនូវកោសិកាដើមរបស់អំប្រ៊ីយ៉ុង»។
លទ្ធផលនៃការស្រាវជ្រាវខាងលើនឹងផ្ដល់ព័ត៌មានដ៏មានតម្លៃទាក់ទងនឹងផលប៉ះពាល់នៃបញ្ហាតំណពូជ និងមូលហេតុនៃការរលូតកូនច្រើនដងដោយគ្មានកត្តាពីខាងក្រៅ។ ក៏ប៉ុន្តែ សេចក្ដីលំអិតនៃការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនេះមិនទាន់ត្រូវបានប្រកាសលើទស្សនាវដ្ដីនៅឡើយ។