អាចម៍ផ្កាយមួយដុំដែលមានអង្កត់ផ្ចិតពី 13 ទៅ 30 ម៉ែត្រ ហោះកាត់មុខផែនដីក្នុងល្បឿនលឿនជាង 17 ដង ធៀបនឹងល្បឿនរបស់គ្រាប់កាំភ្លើង។
អាចម៍ផ្កាយ 2023 LZ ហោះកាត់មុខផែនដីក្នុងគម្លាត 0.00212 ឯកតាតារាសាស្ត្រ ឬហៅថា AU (AU គឺជារយៈចម្ងាយពីផែនដីទៅព្រះអាទិត្យ = 150 លានគីឡូម៉ែត្រ)។ ប្រការនេះមានន័យថា អាចម៍ផ្កាយខាងលើហោះឆ្ងាយពីផែនដីប្រហែល 386,242 គីឡូម៉ែត្រ។ យោងតាមណាសា អាចម៍ផ្កាយ 2023 LZ ហោះក្បែរផែនដីបំផុតនៅវេលាម៉ោង 02 និង 36 នាទី ថ្ងៃទី 15 មិថុនា 2023 (ម៉ោងនៅកម្ពុជា)។
អង្គការណាសាឱ្យដឹងថា អាចម៍ផ្កាយ 2023 LZ ដែលមានអង្កត់ផ្ចិតពី 13 ទៅ 30 ម៉ែត្រ ផ្លាស់ទីក្នុងល្បឿន 49,085 គីឡូម៉ែត្រ/ម៉ោង លឿនជាង 17 ដង បើធៀបនឹងល្បឿនរបស់គ្រាប់កាំភ្លើង។
បច្ចុប្បន្ន អាចម៍ផ្កាយប្រហែល 31,000 ដុំ ត្រូវបានចាត់ចូលក្នុងក្រុម «វត្ថុក្បែរផែនដី» (NEO) ដោយសារមានគម្លាតពីផែនដីមិនដល់ 48 លានគីឡូម៉ែត្រ។ អាចម៍ផ្កាយទាំងឡាយណាដែលហោះហើរក្បែរតារាវិថីផែនដីក្នុងគម្លាតជិតជាង 7.4 លានគីឡូម៉ែត្រ និងមានអង្កត់ផ្ចិតធំជាង 140 ម៉ែត្រ នឹងត្រូវបានចាត់ចូលក្នុងក្រុម «វត្ថុដែលអាចបង្កគ្រោះថ្នាក់»។ 2023 LZ មិនស្ថិតក្នុងក្រុមខាងលើនេះទេ ប៉ុន្តែមានគម្លាតជិតស្មើនឹងក្រុម NEO៕