(សហរដ្ឋអាម៉េរិក) – ក្រុមហ៊ុន Varda Space Industries នឹងផលិតឱសថ រួមនឹងវត្ថុធាតុផ្សេងៗទៀតនៅលើគន្លងតារាវិថីផែនដី តាមរយៈកាប៊ីនដែលហោះអមនឹងផ្កាយរណប។
ក្រុមហ៊ុន Varda Space Industries នៅរដ្ឋ California ប្រកាសថា បានទទួលជោគជ័យក្នុងការបាញ់បង្ហោះ W-Seres 1 ដែលជាផ្កាយរណបដំបូងរបស់ខ្លួន ឡើងទៅកាន់គន្លងគោចរផែនដី។ ក្រុមហ៊ុននេះកំពុងឆ្ពោះទៅរកការផលិតវត្ថុធាតុជាច្រើននៅក្នុងទីអវកាស។ វត្ថុធាតុទាំងនេះមិនអាចបង្កើតឡើងនៅលើផែនដី ឬអភិវឌ្ឍឆាប់រហ័សជាមួយនឹងគុណភាពខ្ពស់ជាង ធៀបនឹងនៅក្នុងស្ថានភាពគ្មានទំនាញផែនដី។
ផ្ទាំងសូឡារបស់រោងចក្រដំបូងក្នុងអវកាសនេះ បានបែរទៅរកព្រះអាទិត្យ និងចាប់ផ្ដើមពន្លាតខ្លួន។ នេះបើតាមការឱ្យដឹងរបស់ Varda បន្ទាប់ពីផ្កាយរណបបានហោះចូលដល់គន្លងគោចរ នៅក្នុងបេសកកម្ម Transporter-8 របស់ SpaceX កាលពីថ្ងៃទី 13 មិថុនា 2023។
ផ្កាយរណប W-Series 1 ត្រូវបានបំពាក់កាប៊ីនទម្ងន់ 90 គីឡូក្រាម ដែលត្រូវបានរចនាឡើងដើម្បីស្រាវជ្រាវឱសថ។ កាប៊ីននេះនឹងផ្ដាច់ខ្លួន មុនពេលចាប់ផ្ដើមហោះហើរក្នុងអវកាស ប៉ុន្តែនៅតែភ្ជាប់ជាមួយនឹងបណ្ដាញថាមពល កម្លាំងរុញច្រាន និងទំនាក់ទំនងចាំបាច់ដើម្បីកំណត់ទិស។ ក្នុងភារកិច្ចដំបូង បណ្ដាញខាងលើត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Rocket Lab។ បន្ទាប់មក ការពិសោធនឹងត្រូវបានធ្វើឡើងដោយរ៉ូបូតក្នុងកាប៊ីន។
សកម្មភាពរបស់ Varda គឺយោងទៅតាមការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដែលបញ្ជាក់ថា ប្រូតេអ៊ីនក្នុងអវកាសអាចកកើតរចនាសម្ព័ន្ធល្អជាងធៀបនឹងនៅលើផែនដី ដោយសារតែបរិស្ថានមាន និងគ្មានទំនាញផែនដី។
បេសកកម្មដំបូងរបស់ Varda នឹងផ្ដោតទៅលើការអភិវឌ្ឍ ritonavir ក្នុងអវកាស។ Ritonavir គឺជាថ្នាំដែលតែងត្រូវបានប្រើប្រាស់សម្រាប់ប្រឆាំងនឹង HIV ដែលជាវីរុសបង្កឱ្យមានជំងឺអេដស៍ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ វាក៏ត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺកូវីដ-19។
ក្រោយពីការពិសោធរបស់ Varda បានបញ្ចប់ កាប៊ីននេះនឹងត្រូវបានផ្កាយរណបរុញទម្លាក់មកកាន់ផែនដី និងចុះចតដោយប្រើប្រាស់ឆត្រយោង មុនពេលអ្នកវិទ្យាសាស្ត្រប្រមូលយកវត្ថុធាតុឱសថ។
ក្រុមហ៊ុន Varda ត្រូវបានបង្កើតឡើងដោយអតីតវិស្វករអេឡិចត្រូនិចអាកាសចរណ៍របស់ SpaceX លោក Will Bruye និង Delian Asparouhov។ គោលដៅរបស់ពួកគេគឺបង្កើតផលិតផលនានានៅក្នុងអវកាស ដែលរោងចក្រនៅលើផែនដីមិនអាច ឬពិបាកធ្វើបានល្អ៕