(ជប៉ុន) – ទីក្រុងអណ្ដែត Dogen មានបរិវេណប្រវែង 4 គីឡូម៉ែត្រ អាចផ្ដល់កន្លែងស្នាក់នៅដល់មនុស្ស 10,000 នាក់ និងទទួលទេសចរបាន 30,000 នាក់ក្នុងមួយថ្ងៃ។
ក្រុមហ៊ុន N-Ark របស់ជប៉ុន ថ្មីៗនេះបានប្រកាសគម្រោងអភិវឌ្ឍទីក្រុងអណ្ដែតដែលផ្ដោតសំខាន់លើវេជ្ជសាស្ត្រ ឈ្មោះ Dogen។ គំនិតនេះនឹងរួមផ្សំរវាងសកម្មភាពផលិតស្បៀង ស្ថាបត្យកម្ម ទិន្នន័យ ថាមពល ជាមួយនឹងសមុទ្រ នៅក្នុងប្រព័ន្ធចម្រុះដែលប្រើប្រាស់ទឹកសមុទ្រដូចទៅនឹងតំបន់សេដ្ឋកិច្ចថ្មីហៅថា «New Ocean»។ នេះបើតាម Design Boom ចុះផ្សាយកាលពីសប្ដាហ៍កន្លង។
ដោយមានអង្កត់ផ្ចិតប្រហែល 1.58 គីឡូម៉ែត្រ និងបរិវេណប្រវែង 4 គីឡូម៉ែត្រ ទីក្រុងអណ្ដែត Dogen អាចឱ្យមនុស្សរស់នៅជាអចិន្ត្រៃយ៍ប្រហែល 10,000 នាក់ និងទទួលភ្ញៀវទេសចរណ៍បាន 30,000 នាក់/ថ្ងៃ។ ពួកគេអាចទទួលបទពិសោធន៍ជាច្រើនតាំងពីបន្ទប់ពិសោធន៍អភិវឌ្ឍ សាលារៀន ឃ្លាំង មជ្ឈមណ្ឌលសន្តិសុខ ការិយាល័យ សេវាម្ហូបអាហារ មន្ទីរពេទ្យ សួន ទីលានកីឡា រហូតដល់ស្ថានីយទូរគមនាគមន៍ និងសណ្ឋាគារ។ល។
ទីក្រុងនេះមានបីតំបន់ ក្នុងនោះមានទាំង តំបន់ខ្សែក្រវាត់សម្រាប់សហគមន៍ និងតំបន់មជ្ឈមណ្ឌលទិន្នន័យក្រោមសមុទ្រ។ អ្វីដែលអស្ចារ្យនោះគឺថា ទីក្រុងខាងលើអាចផ្លាស់ទីបាននៅក្នុងឈូងសមុទ្រ។ Dogen នឹងមានប្រព័ន្ធសុខាភិបាលទំនើបបំផុតផងដែរ៕