តាមគម្រោង សហរដ្ឋអាម៉េរិកនឹងប្រកាសអំពីកញ្ចប់ជំនួយជាអាវុធតម្លៃជាងពីរពាន់លានដុល្លារដែលទីក្រុងវ៉ាងស៊ីងតោននឹងផ្ដល់ឱ្យអ៊ុយក្រែនដើម្បីពង្រឹងកម្លាំងការពារដែនអាកាសរបស់ទីក្រុងកៀវក្នុងរយៈពេលយូរ។
យោងតាម Bloomberg ដែលបានចុះផ្សាយកាលពីថ្ងៃទី 08 មិថុនា កញ្ចប់ជំនួយជាអាវុធតម្លៃជាងពីរពាន់លានដុល្លារ គ្រោងនឹងត្រូវបានប្រកាសនៅថ្ងៃទី 09 មិថុនានេះ។ ជំនួយដែលផ្ដោតសំខាន់លើកម្លាំងការពារដែនអាកាសនេះ នឹងជួយឱ្យអ៊ុយក្រែនអាចទិញប្រព័ន្ធមីស៊ីល Hawk និងមីស៊ីល Patriot បានច្រើនគ្រឿង។
កញ្ចប់ជំនួយខាងលើក៏នឹងផ្ដល់ឱ្យក្នុងរយៈពេលច្រើនខែឆ្នាំ ដើម្បីធានាសន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន ខុសពីកញ្ចប់ជំនួយមុនៗដែលដកអាវុធពីឃ្លាំងរបស់កងទ័ពអាម៉េរិកដោយផ្ទាល់។
ព័ត៌មាននេះត្រូវបានរាយការណ៍ក្នុងគ្រាដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ប្រឈមនឹងសម្ពោធធ្ងន់ពីការវាយប្រហាររបស់រុស្ស៊ី មុនពេលទីក្រុងកៀវបើកការវាយបក៕