រូបភាពពីផ្កាយរណបរបស់ណាសា កាលពីចុងខែឧសភាបានបង្ហាញថា A-76A ដែលជាផ្ទាំងទឹកកកធំជាងទីក្រុង Los Angeles ពីរដង បានបែកបាក់ខ្ទេចខ្ទីនៅក្បែរកោះ Georgia ខាងត្បូង របស់ចក្រភពអង់គ្លេស។
A-76A គឺជាផ្ទាំងធំជាងគេដែលនៅសល់របស់ A-76 ដែលជាផ្ទាំងទឹកកកមានទំហំប្រហែល 4,320 គីឡូម៉ែត្រការ៉េ និងមានបណ្ដោយ 170 គីឡូម៉ែត្រ ទទឹង 25 គូឡូម៉ែត្រ ដែលបានបែកចេញពីខឿននៃផ្ទាំងទឹកកក Ronne របស់ទ្វីបអង់តាកតិច កាលពីខែឧសភា 2021។
កាលពីថ្ងៃទី 24 ឧសភា 2023 ផ្កាយរណប Terra របស់ណាសាថតរូបភាពថ្មីបំផុតអំពីបំណែកទាំង 6 របស់ A-76A ដែលកំពុងអណ្ដែតចេញឆ្ងាយពីគ្នានៅក្បែរកោះ Georgia ខាងត្បូង ក្នុងសមុទ្រ Scotia ដែលនេះមានន័យថា ផ្ទាំងទឹកកកខ្នាតយក្សនេះបានបែកពីគ្នាកាលពីច្រើនថ្ងៃមុនមកហើយ។ បំណែកផ្ទាំងទឹកកកទាំងនេះមានចម្ងាយប្រហែល 2,415 គីឡូម៉ែត្រពីកន្លែងដែល A-76 បានបែកចេញពីទ្វីបអង់តាកតិចកាលពីឆ្នាំ 2021។
ផ្ទាំងទឹកកកអណ្ដែតធំជាងគេលើពិភពលោកនាពេលកន្លង គឺ A-68A ក៏បានបែកបាក់ខ្ទេចខ្ទីនៅក្បែរកោះ Georgia ខាងត្បូង កាលពីខែធ្នូ 2020 ក្រោយពីបានអណ្ដែតតាមឆកសមុទ្រ Drake។ A-76A មិនប៉ះទង្គិចផ្ទាល់ជាមួយនឹង Georgia ខាងត្បូង ប៉ុន្តែនៅតែអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះក្នុងសមុទ្រនៅក្បែរនោះ។
កាលពីពាក់កណ្ដាលឆ្នាំ 2021 នៅពេល A-68A បានរលាយទាំងស្រុង ក្រុមអ្នកវិទ្យាសាស្ត្រគណនាឃើញថា វាបានបន្ថែមទឹកសាបប្រហែល 900 លានតោនចូលក្នុងសមុទ្រ ដែលភាគច្រើននៅតំបន់ក្បែរកោះ Georgia ខាងត្បូង។ ចំណែក A-76A វិញ ក៏នឹងបន្ថែមទឹកសាបយ៉ាងច្រើនទៅក្នុងតំបន់សមុទ្រក្បែរខាង និងប៉ះពាល់ដល់ប្រព័ន្ធអាហារនៅក្នុងសមុទ្រ បើសិនជាវាបានរលាយអស់។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រ Live Science ៕