យានអវកាសរបស់ SpaceX ដែលដឹកទំនិញឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) បានចូលចតនៅម៉ូឌុល Harmony របស់ ISS កាលពីល្ងាចថ្ងៃទី 06 មិថុនា និងស្ថិតនៅទីនោះប្រហែលបីសប្ដាហ៍ មុនពេលហោះត្រលប់មកកាន់ផែនដី។
យានអវកាស Dragon របស់ក្រុមហ៊ុនអាម៉េរិក SpaceX បានចូលចតនៅស្ថានីអវកាសអន្តរជាតិ ជាមួយនឹងទំនិញជាង 3.5 តោន។ យោងតាមណាសា យាននេះបានចូលចតត្រង់ម៉ូឌុល Harmony របស់ ISS ដោយស្វ័យប្រវត្តិនៅវេលាម៉ោង 05 និង 54 នាទីព្រឹក ថ្ងៃទី 06 មិថុនា ម៉ោងនៅវ៉ាស៊ីងតោន ត្រូវនឹងម៉ោងប្រហែល 17 ល្ងាច ថ្ងៃទី 06 មិថុនានៅកម្ពុជា។
យាន Dragon ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី 05 មិថុនា ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា នៅ Florida សហរដ្ឋអាម៉េរិក។ នេះគឺជាជើងហោះហើរពាណិជ្ជកម្មលើកទី 28 ដែលធ្វើឡើងទៅតាមកិច្ចសន្យារវាង SpaceX និងណាសា។
តាមគម្រោង យាន Dragon នឹងភ្ជាប់ជាមួយ ISS ក្នុងរយៈពេលប្រហែលបីសប្ដាហ៍ មុននឹងហោះវិលត្រលប់មកកាន់ផែនដី។ ក្នុងបេសកកម្មនេះ Dragon បានដឹកឧបករណ៍ជាច្រើនដែលបម្រើដល់វិស័យវិទ្យាសាស្ត្រ មានជាអាទិ៍ ផ្ទាំងសូឡាជាដើម ទៅឱ្យក្រុមអ្នកអវកាសរបស់សហរដ្ឋអាម៉េរិកដែលកំពុងធ្វើការនៅលើ ISS៕