(វៀតណាម) – បុគ្គល ឬស្ថាប័នដែលមានស៊ីមកាតចាប់ពី 10 ឡើងទៅ នឹងត្រូវបានសមត្ថកិច្ចត្រួតពិនិត្យ ដើម្បីទប់ស្កាត់ស៊ីមសំណល់ ឬប្រើប្រាស់ខុសច្បាប់។
កាលពីថ្ងៃទី 05 មិថុនា ក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម ឱ្យដឹងថា បានស្នើឱ្យបណ្ដាក្រុមហ៊ុនទូរគមនាគមន៍ធ្វើការពិនិត្យទៅលើស្ថាប័ន បុគ្គលដែលកំពុងប្រើប្រាស់ស៊ីមទូរស័ព្ទ ដោយបញ្ជាក់ថា អ្នកដែលបានចុះឈ្មោះប្រើប្រាស់ស៊ីមចាប់ពី 10 លេខឡើងទៅ នឹងត្រូវបានពិនិត្យ ក្នុងបំណងធានាថា រាល់លេខទូរស័ព្ទត្រូវបានប្រើប្រាស់ដោយម្ចាស់កម្មសិទ្ធិពិត និងត្រូវតាមគោលដៅស្របច្បាប់។
នេះគឺជាជំហានបន្ទាប់របស់ក្រសួងខាងលើនៅក្នុងការលុបបំបាត់ស្ថានភាពស៊ីមទូរស័ព្ទច្រើនលើសលុបមិនត្រូវបានប្រើប្រាស់ត្រឹមត្រូវ។ ក្រសួងនេះបានសម្រេចដំណាក់កាលធ្វើស្ដង់ដាលើទិន្នន័យ និងកំពុងចាប់ផ្ដើមដំណាក់កាលថ្មី គឺការបញ្ជាក់ព័ត៌មានរបស់អ្នកប្រើប្រាស់។
គិតត្រឹមចុងឆ្នាំ 2022 វៀតណាមមានស៊ីមទូរស័ព្ទសកម្មចំនួន 127 លាន ក្នុងនោះមានទាំងស៊ីមសំណល់ និងស៊ីមដែលត្រូវជនទុច្ចរិតប្រើប្រាស់ក្នុងអំពើល្មើសច្បាប់៕