ហិណ្ឌូសាសនិករាប់ពាន់នាក់ នាំគ្នាឡើងលើកំពូលភ្នំភ្លើងសកម្ម Bromo ដើម្បីទម្លាក់មាន់ទា បន្លែផ្លែឈើ និងប្រាក់ជាដើម ចូលទៅមាត់ភ្នំភ្លើងនៅក្នុងពិធីបូជាយញ្ញតាមទម្លាប់សាសនា។
ក្រុមអ្នកកាន់សាសនាហិណ្ឌូរាប់ពាននាក់ កាលពីថ្ងៃទី 05 មិថុនា បានប្រមូលផ្ដុំគ្នានៅជុំវិញភ្នំភ្លើង Bromo ដោយនាំយកមាន់ទា ពពែ និងរបស់របរជាច្រើនផ្សេងទៀត ទៅចូលរួមពិធីបូជាយញ្ញ Yadnya Kasada ដែលជាទំនៀមទម្លាប់តាំងពីរាប់ពាន់ឆ្នាំមុន។
ជារៀងរាល់ឆ្នាំ សមាជិកកុលសម្ព័ន្ធ Tengger សុទ្ធតែទៅកាន់ភ្នំភ្លើង Bromo ដើម្បីធ្វើពិធីបុណ្យបូជាយញ្ញ ដោយសង្ឃឹមថានឹងធ្វើឱ្យវិញ្ញាណទាំងឡាយបានសប្បាយចិត្ត ហើយប្រទានពរដល់ពួកគេ។
ចំណែកប្រជាជនដែលមិនមែនជាសមាជិកកុលសម្ព័ន្ធ Tengger ក៏នាំគ្នាទៅកាន់ភ្នំភ្លើង Bromo។ ក៏ប៉ុន្តែ ពួកគេទាំងនេះទៅដើម្បីរើសយករបស់របរដែលត្រូវគេបោះទម្លាក់ចោល ក្នុងបំណងកុំឱ្យមានភាពខ្ជះខ្ជាយពេក មិនមែនទៅបូជាយញ្ញឡើយ។
ពិធី Yadnya Kasada ចាប់កំណើតតាំងពីសតវត្សរ៍ទី 15 ដោយយោងទៅតាមរឿងរ៉ាវដែលតំណាលថា ព្រះនាង Roro Anteng និងស្វាមីនៅរាជាណាចក្រ Majapahit បានរួមរស់នឹងគ្នាជាច្រើនឆ្នាំ ប៉ុន្តែមិនមានបុត្រ ទើបនាំគ្នាទៅបួងសួង។ វិញ្ញាណទាំងនោះក៏យល់ព្រម និងបានប្រទានបុត្រ 25 នាក់ដល់ពួកគេ ប៉ុន្តែក្នុងលក្ខខណ្ឌត្រូវបូជាយញ្ញដោយការទម្លាក់កូនពៅទៅក្នុងភ្នំភ្លើង Bromo៕