អណ្ដាតភ្លើងផ្ទុះឡើងនៅលើនាវា KRI Teluk Hading-538 របស់ឥណ្ឌូណេស៊ី កាលពីថ្ងៃទី 03 មិនថុនា ប៉ុន្តែមូលហេតុមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។
ប្រកាសកាលពីថ្ងៃទី 04 មិថុនារបស់ទ័ពជើងទឹកឥណ្ឌូណេស៊ី បានបញ្ជាក់ថានាវាចម្បាំង KRI Teluk Hading-538 របស់ពួកគេបានជួបគ្រោះអគ្គិភ័យកាលពីវេលាម៉ោងប្រហែល 14 និង15 នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី 03 មិថុនា 2023 ក្នុងពេលធ្វើសកម្មភាពល្បាតលើសមុទ្រ។ នាវិកទាំង 119 នាក់លើនាវានេះសុទ្ធតែបានរួចផុតពីគ្រោះថ្នាក់ ដោយត្រូវបាននាំទៅកាន់កប៉ាល់ TB Bahtera Zalfa ដែលកំពុងផ្លាស់ទីឆ្លងកាត់តំបន់កើតហេតុ។
អគ្គិភ័យលើនាវា KRI Teluk Hading-538 នេះ កើតឡើងនៅតំបន់ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានធៀបនឹងឆកសមុទ្រ Selayar។
ភ្លាមៗបន្ទាប់ពីហេតុការណ៍កើតឡើង ទ័ពជើងទឹកឥណ្ឌូណេស៊ីក៏បានបញ្ជូនកប៉ាល់ 5 គ្រឿងទៅជួយ និងបានអូស KRI Teluk Hading-538 ទៅកាន់ទីតាំងជិតបំផុតដើម្បីត្រួតពិនិត្យ។
KRI Teluk Hading-538 ស្ថិតក្នុងថ្នាក់នាវាវាយឡើងច្រាំង Frosch-I/Type 10 ធ្វើសកម្មភាពតាំងពីឆ្នាំ 1978។