(សហរដ្ឋអាម៉េរិក) – ក្រុមហ៊ុន Sierra Space បានបញ្ឆេះម៉ាស៊ីនយន្តហោះអវកាស Dream Chaser នៅក្នុងរោងចក្រដំឡើង បញ្ជាក់ថា យានដែលមានរូបរាងដូចទៅនឹង Space Shuttle បានត្រៀមខ្លួនជិតរួចរាល់ហើយសម្រាប់ការបំពេញភារកិច្ចដំបូងនៅក្នុងគន្លងគោចរផែនដី។
យោងតាម Yahoo ក្រុមហ៊ុន Sierra Space នៅ Colorado កាលពីថ្ងៃទី 31 ឧសភា 2023 ប្រកាសថា បានទទួលជោគជ័យក្នុងការបញ្ឆេះដំណើរការគ្រឿងម៉ាស៊ីន និងប្រព័ន្ធនានារបស់យន្តហោះអវកាស Dream Chaser។
Dream Chaser គឺជាយន្តហោះអវកាសដែលរចនាឡើងដើម្បីហោះហើរក្នុងគន្លងតារាវិថីកម្រិតទាបរបស់ផែនដី នៅក្នុងបេសកកម្មដឹកអ្នកអវកាស និងទំនិញឡើងទៅកាន់គោលដៅនានា មានដូចជាស្ថានីយអវកាសអន្តរជាតិ (ISS) ជាដើម។ យាននេះអាចដឹកទំនិញបាន 5,443 គីឡូក្រាម។
ដោយសារតែមិនអាចហោះឡើងដល់ទីអវកាសដោយខ្លួនឯង Dream Chaser ត្រូវការរ៉ុក្កែតធំដូច Vulcan Centaur របស់ ULA រុញច្រានឡើងទៅដល់គន្លងតារាវិថីកម្រិតទាប។ ក៏ប៉ុន្តែ ដូចទៅនឹងយាន Space Shuttle របស់ណាសា Dream Chaser អាចទម្លាក់ខ្លួនចូលបរិយាកាសផែនដី និងហោះចុះចតលើព្រលានយន្តហោះនៅលើដី។
Dream Chaser មានបណ្ដោយសរុបជាង 9 ម៉ែត្រ ខ្លីជាងបួនដងធៀបនឹង Space Shuttle។ ក្រុមហ៊ុន Sierra Space កំពុងឆ្ពោះទៅកាន់ការហោះហើរដំបូងរបស់ Dream Chaser នៅមជ្ឈមណ្ឌលអវកាស Kennedy ក្នុងឆ្នាំ 2023 នេះ។ ជើងហោះហើរនេះស្ថិតក្នុងកិច្ចព្រមព្រៀងជាមួយណាសា ដើម្បីដឹកទំនិញឡើងទៅកាន់ ISS។
សកម្មភាពដំឡើងយន្តហោះអវកាស Dream Chaser របស់ Sierra Space
ក្រៅពីនេះ Sierra Space ក៏មានគម្រោងបាញ់បង្ហោះយានដឹកមនុស្សទៅកាន់ស្ថានីយអវកាសផ្ទាល់ខ្លួនដែលមានឈ្មោះថា Orbital Reef នៅក្នុងគម្រោងដែលសហការជាមួយ Blue Origin របស់មហាសេដ្ឋី Jeff Bezos ផងដែរ។
បច្ចុប្បន្ន Sierra Space កំពុងត្រៀមខ្លួនសម្រាប់ការនាំយាន Dream Chaser ដំបូងដែលមានឈ្មោះថា Tenacity ទៅកាន់មូលដ្ឋានធ្វើតេស្ត Neil Armstrong របស់ណាសា នៅ Ohio ដើម្បីត្រួតពិនិត្យ មុនពេលចាប់ផ្ដើមការហោះហើរលើកទីមួយ៕