RCV ដែលជាអង្គភាពទ័ពស្ម័គ្រចិត្តរុស្ស៊ី (Russian Volunteer Corps) បានប្រកាសចាប់ផ្ដើមដំណាក់កាលទីពីរនៃយុទ្ធនាការវាយប្រហារចូលទឹកដីរុស្ស៊ី បន្ទាប់ពីការវាយប្រហារនៅក្នុងខេត្ត Belgorod កាលពីចុងខែមុន។
«ដំណាក់កាលទីពីរដែលមេបញ្ជាការរបស់យើងធ្លាប់បាននិយាយ បានចាប់ផ្ដើមហើយ» តំណាងរបស់ អង្គភាពទ័ពស្ម័គ្រចិត្តរុស្ស៊ី (RCV) ដែលស្និទ្ធនឹងអ៊ុយក្រែន និយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះកាលពីថ្ងៃទី 01 មិថុនាដូច្នេះ។ ក្រុមនេះប្រកាសថា ទាហានរបស់ខ្លួនបានចាប់ផ្ដើមយុទ្ធនាការនៅក្នុងខេត្ត Belgorod របស់រុស្ស៊ី។
បណ្ដាវីដេអូដែលត្រូវបានចែករំលែកតគ្នាលើបណ្ដាញសង្គមបន្ទាប់នោះ បង្ហាញថា អគារសាលាស្រុកនៅ Shebekino ក្នុងតំបន់ភាគខាងត្បូងរបស់ខេត្ត Belgorod ដែលមានចម្ងាយពីព្រំដែនអ៊ុយក្រែនប្រហែល 6 គីឡូម៉ែត្រ ត្រូវឆេះសន្ធោសន្ធៅ។ ព័ត៌មានខ្លះឱ្យដឹងថា RCV បានកម្ទេចប្រព័ន្ធកាំភ្លើងធំចល័ត 2S4 Tyulpan មួយគ្រឿង និងរថយន្តជំនួយមួយគ្រឿងរបស់រុស្ស៊ី នៅក្បែរទីរួមស្រុក Shebekino។
កងជីវពលដែលស្និទ្ធនឹងអ៊ុយក្រែនមួយក្រុមផ្សេងទៀត គឺ អង្គភាពសេរីរុស្ស៊ី (FRL/ Liberty of Russia Legion) ក៏បានប្រកាសថា កំពុងធ្វើសកម្មភាពក្បែរព្រំដែនរុស្ស៊ី និងវាយប្រហារលើដោលដៅយោធាមួយចំនួន។
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andriy Melnyk បាននិយាយថា ក្រុមជីវពលទាំងនេះ «ធ្វើសកម្មភាពដោយចិត្តឯង» ហើយអ៊ុយក្រែនមិនទទួលខុសត្រូវចំពោះពួកគេឡើយ។ «អ៊ុយក្រែនមានសិទ្ធិស្របច្បាប់ក្នុងការវាយប្រហារចូលទឹកចិត្តរុស្ស៊ី ប៉ុន្តែនឹងធ្វើដោយការប្រុងប្រយ័ត្ន» លោក Andriy Melnyk បញ្ជាក់ដូច្នេះ។
រុស្ស៊ីបានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្ត Belgorod រងការខូចខាតដោយសារកាំភ្លើងធំ ក្រោយ មកក្រុមប្រដាប់អាវុធមួយចំនួនបានព្យាយាមចូលទឹកដីរុស្ស៊ី។ រុស្ស៊ីក៏បានប្រកាសថា ខ្លួនបានវាយរុញច្រានកងកម្លាំងមកពីអ៊ុយក្រែន និងដេញដល់ក្នុងទឹកដីអ៊ុយក្រែន ហើយសម្លាប់បាន 30 នាក់៕