ទីភ្នាក់ងារអវកាសអឺរ៉ុប នឹងធ្វើការផ្សាយផ្ទាល់លើកដំបូងពីយានអវកាស Mars Express នៅឯភពអង្គារ នាវេលាម៉ោង 23:00 ថ្ងៃទី 02 មិថុនា 2023។
ការផ្សាយផ្ទាល់នេះធ្វើឡើងដើម្បីរម្លឹកខួប 20 ឆ្នាំនៃថ្ងៃបាញ់បង្ហោះយាន Mars Express របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA)។ រ៉ុក្កែត Soyuz-FG/Fregat បាននាំយានអវកាសនេះហោះឡើងពីអវកាសយានដ្ឋាន Baikonur នៅកាហ្សាក់ស្ថាន កាលពីថ្ងៃទី 02 មិថុនា ឆ្នាំ 2003។ Mars Express មានភារកិច្ចថតរូបភាព 3D នៃផ្ទៃភពអង្គារ ដើម្បីជួយឱ្យអ្នកវិទ្យាសាស្ត្រសង្កេតមើលភពនេះបានច្បាស់ជាងមុន។
អ្នកស្រលាញ់វិស័យតារាសាស្ត្រអាចតាមដានការផ្សាយរយៈពេលមួយម៉ោងនេះនៅលើឆានែល YouTube របស់ ESA។ ក៏ប៉ុន្តែ រូបភាពថ្មីនឹងត្រូវបានបញ្ជូនមកតាមដំណាក់កាល 50 វិនាទីម្ដង ជំនួសឱ្យការផ្សាយជាផ្ទាល់បន្តបន្ទាប់។
ការបញ្ជូនទិន្នន័យរវាងភពអង្គារ និងផែនដី ជាធម្មតាស៊ីពេលចាប់ពី 3 ទៅ 22 នាទី អាស្រ័យទៅលើទីតាំងរបស់ភពទាំងពីរនៅលើគន្លងតារាវិថីជុំវិញព្រះអាទិត្យ។ ក្នុងការផ្សាយផ្ទាល់នៅថ្ងៃនេះ ពេលវេលាចាប់ពីរូបភាពត្រូវបានថតនៅភពអង្គារ រហូតដល់ពេលបង្ហាញខ្លួននៅលើអេក្រង់របស់ទស្សនិកជន គឺប្រហែល 18 នាទី។ ក្នុងនោះ ការបញ្ជូនរូបភាពពីភពអង្គារមកដល់ស្ថានីយទទួលនៅលើផែនដី គឺស៊ីពេលប្រហែល 17 នាទី ហើយការបញ្ជូនបន្តពីម៉ាស៊ីនមេ (server) ទៅកាន់បណ្ដាញអ៊ីនធើណិតលើផ្ទៃផែនដីនឹងស៊ីពេលប្រហែល 1 នាទី។
ក៏ប៉ុន្តែ ESA បានបញ្ជាក់ថា ពួកគេមិនធ្លាប់បានសាកល្បងការផ្សាយផ្ទាល់បែបនេះពីមុនមក ដូច្នេះមិនទាន់ដឹងប្រាកដអំពីពេលវេលាជាក់លាក់ដែលទិន្នន័យត្រូវបានបញ្ជូននៅលើផែនដី៕