ក្រុមអ្នកវិទ្យាសាស្ត្រប្រទះឃើញអាចម៍ផ្កាយ 2023 FW13 ដែលមានអង្កត់ផ្ចិតប្រហែល 15 ម៉ែត្រ បានក្លាយជា «អ្នកជិតខាង» របស់ផែនដីតាំងពីរាប់ពាន់ឆ្នាំមុនរហូតដល់ដល់បច្ចុប្បន្ន។
អាចម៍ផ្កាយ 2023 FW13 ស្ថិតក្នុងប្រភេទ «quasi-moon» ឬ «quasi-satellite» (ស្ដង់ដាព្រះចន្ទ ឬ ស្ដង់ដាផ្កាយរណប) ដែលមានន័យថា វាគោចរជុំវិញព្រះអាទិត្យទៅតាមពេលវេលាដូចទៅនឹងផែនដី ប៉ុន្តែទទួលរងឥទ្ធិពលតិចតួចបំផុតពីកម្លាំងទំនាញរបស់ផែនដី។ នេះបើតាម Live Science ចុះផ្សាយកាលពីថ្ងៃទី 31 ឧសភា 2023។
យោងតាមណាសា អង្កត់ផ្ចិតរបស់ 2023 FW13 ត្រូវបានអ្នកវិទ្យាសាស្ត្រគណនាឃើញថា ប្រហែល 15 ម៉ែត្រ។ នៅក្នុងគន្លងតារាវិថីជុំវិញព្រះអាទិត្យ អាចម៍ផ្កាយ 2023 FW13 ក៏វិលជុំវិញផែនដី ក្នុងគម្លាតប្រហែល 14 លានគីឡូម៉ែត្រ។ ចំណែកព្រះចន្ទរបស់មនុស្សដែលមានអង្កត់ផ្ចិត 3,474 គីឡូម៉ែត្រ មានគន្លាតពីផែនដីជិតបំផុតត្រឹម 364,000 គីឡូម៉ែត្រ។
ស្ថានីយសង្កេតតារា Pan-STARRS ដែលមានទីតាំងនៅលើកំពូលភ្នំភ្លើង Haleakala ក្នុងរដ្ឋ Hawaii បានប្រទះឃើញ 2023 FW13 កាលពីខែមីនា ឆ្នាំ 2023។ វត្តមានរបស់អាចម៍ផ្កាយនេះ ក្រោយមកក៏ត្រូវបានបញ្ជាក់ដោយតេឡេស្កុបកាណាដា-បារាំង-ហាវាយ និងតេឡេស្កុបចំនួនពីរទៀតនៅ Arizona។ ថ្ងៃទី 01 មេសា 2023 មជ្ឈមណ្ឌលអាចម៍ផ្កាយនៃសហព័ន្ធតារាសាស្ត្រអន្តរជាតិ (IAU) បានបញ្ចូល 2023 FW13 ទៅក្នុងបញ្ជីជាផ្លូវការ។
ការគណនាមួយចំនួនបង្ហាញថា 2023 FW13 បានធ្វើជា «អ្នកជិតខាង» របស់ផែនដីយ៉ាងហោចក៏ចាប់ពីឆ្នាំ 100 មុនគ្រិស្តសករាជ។ Adrien Coffinet តារាវិទូដំបូងគេដែលបានចាត់ 2023 FW13 ទៅក្នុងប្រភេទស្ដង់ដាព្រះចន្ទ អះអាងថា អាចម៍ផ្កាយនេះនឹងបន្តផ្លាស់ទីទៅតាមគន្លងគោចរបច្ចុប្បន្នរហូតដល់ប្រហែលឆ្នាំ 3700។
«ដំណឹងល្អគឺថា គន្លងគោចរបែបនេះនឹងមិននាំឱ្យមានហេតុការណ៍ប៉ះទង្គិចជាមួយផែនដីនោះទេ» Alan Harris តារាវិទូនៅវិទ្យាស្ថានអវកាសវិទ្យាឱ្យដឹងដូច្នេះ។
2023 FW13 មិនមែនជាអាចម៍ផ្កាយប្រភេទស្តង់ដាព្រះចន្ទតែមួយគត់របស់ផែនដីនោះឡើយ។ អាចម៍ផ្កាយ Kamo’oalewa ដែលត្រូវបានរកឃើញកាលពីឆ្នាំ 2016 ក៏ត្រូវបានចាត់ចូលក្នុងប្រភេទនេះ។ Kamo’oalewa គោចរក្បែរផែនដីនៅក្នុងគន្លងជុំវិញព្រះអាទិត្យ។ ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ 2021 បង្ហាញថា Kamo’oalewa អាចជាបំណែកមួយរបស់ព្រះចន្ទកាលពីអតីតកាល។
យោងតាមទិន្នន័យខាងលើ យើងអាចចាត់ទុកបានថា បច្ចុប្បន្ន ផែនដីរបស់មនុស្សមានព្រះចន្ទរហូតដល់បីដួងទៅហើយ៕