សហរដ្ឋអាម៉េរិកប្រកាសអំពីកញ្ចប់ជំនួយផ្នែកយោធាតម្លៃ 300 លានដុល្លារទៅឱ្យអ៊ុយក្រែន ក្នុងនោះមានទាំងមីស៊ីលសម្រាប់ប្រព័ន្ធ Patriot និងប្រព័ន្ធការពារដែនអាកាសជាច្រើនប្រភេទផ្សេងទៀត។
កាលពីថ្ងៃទី 31 ឧសភា មន្ទីរបញ្ចកោណបានប្រកាសថា កញ្ចប់ជំនួយតម្លៃ 300 លានដុល្លារសម្រាប់អ៊ុយក្រែន នឹងបន្ថែមមីស៊ីលការពារដែនអាកាសរយៈចម្ងាយឆ្ងាយ Patriot ក៏ដូចជាបន្ថែមប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី Avenger និងមីស៊ីលបាញ់ពីលើស្មា Stinger។ អាម៉េរិកក៏ផ្ដល់បន្ថែមមីស៊ីលអាកាសប្រឆាំងអាកាសរយៈចម្ងាយមធ្យម AIM-7, រ៉ុក្កែតសម្រាប់ប្រព័ន្ធ HIMARS, គ្រាប់កាំភ្លើងធំ 155 មម និង 105 មម រួមនឹងរ៉ុក្កែត Zuni និងគ្រាប់កាំភ្លើងសម្រាប់ទាហានថ្មើរជើងជាង 30 លានគ្រាប់ផងដែរ។
នេះគឺជាកញ្ចប់ជំនួយជាអាវុធលើកទី 39 របស់អាម៉េរិក សម្រាប់អ៊ុយក្រែន ធ្វើឱ្យជំនួយយោធារបស់វ៉ាស៊ីងតោនសម្រាប់ទីក្រុងកៀវ រាប់ចាប់តាំងពីខែកុម្ភៈ 2022 ឡើងដល់ 37.6 ពាន់លានដុល្លារ។
ប្រកាសខាងលើត្រូវបានធ្វើឡើងក្នុងគ្រាដែលអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ការវាយបកទ្រង់ទ្រាយធំ ដើម្បីរុញច្រានកងទ័ពរុស្ស៊ី។ ថ្មីៗនេះ ទឹកដីរុស្ស៊ី ចាប់ផ្ដើមរងការវាយប្រហារពីក្រុមប្រដាប់អាវុធអាថ៌កំបាំង។ មូស្គូចោទថា ការវាយប្រហារនេះគឺជាស្នាដៃរបស់ទីក្រុងកៀវ ប៉ុន្តែត្រូវបានអ៊ុយក្រែនបដិសេធ។ ចំណែកទីក្រុងវ៉ាស៊ីងតោនវិញ កន្លងមកក៏ធ្លាប់បានព្រមានដល់ទីក្រុងកៀវថា មិនត្រូវប្រើប្រាស់អាវុធដែលផលិតដោយអាម៉េរិក ទៅវាយប្រហារលើទឹកដីរុស្ស៊ី៕