Gui Haichao ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យអវកាសប៉េកាំង នឹងក្លាយជាអ្នកអវកាសស៊ីវិលដំបូងគេរបស់ប្រទេសចិន ដែលហោះឡើងទៅកាន់ទីអវកាស។
តាមផែនការ Gui Haichao នឹងរួមដំណើរជាមួយអ្នកអវកាស Jing Haipeng និង Zhu Yangzhu របស់យានអវកាស Shenzhou 16 ហោះឡើងទៅកាន់ស្ថានីយអវកាស Tiangong ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន នៅវេលាម៉ោង 09:31 ថ្ងៃទី 30 ឧសភា ម៉ោងនៅប៉េកាំង (ម៉ោងប្រហែល 8 កន្លះនៅភ្នំពេញ)។ មុននោះ អ្នកអវកាសចិនដែលបានហោះឡើងទៅកាន់ទីអវកាសគឺសុទ្ធតែជាមនុស្សរបស់កងទ័ពចិន (PLA)។
អ្នកនាំពាក្យរបស់ស្ថាប័នអវកាសមានមនុស្សបើកបររបស់ចិន (CMSA) បានឱ្យដឹងថា សាស្ត្រាចារ្យ Gui Haichao ទទួលបន្ទុកក្នុងការពិសោធផ្នែកវិទ្យាសាស្ត្រនៅលើស្ថានីយអវកាសចិន Tiangong។ អ្នកវិភាគ Chen Lan អះអាងថា ការចូលរួមរបស់ Gui គឺជារឿងសំខាន់ ព្រោះថា កន្លងមកមានតែអ្នកអវកាសជំនាញខាងបច្ចេកទេសប៉ុណ្ណើ ពុំទាន់មានអ្នកវិទ្យាសាស្ត្រដែលមានឯកទេសក្នុងការសិក្សាស្រាវជ្រាវពិតប្រាកដ។
ប្រធានក្រុមហោះហើររបស់យាន Shenzhou 16 គឺ Jing Haipeng នឹងបំពេញបេសកកម្មអវកាសលើកទីបួន។ សមាជិកចុងក្រោយរបស់ជើងហោះហើរលើកនេះគឺវិស្វករ Zhu Yangzhou។ តាមគម្រោង អ្នកអវកាស Jing, Gui និង Zhu នឹងធ្វើការនៅលើស្ថានីយអវកាស Tiangong ក្នុងរយៈពេលប្រហែល 5 ខែ។
តាមផែនការ ស្ថានីយអវកាស Tiangong នឹងធ្វើសកម្មភាពក្នុងគន្លងតារាវិថីផែនដីនៅលើកម្ពស់ពី 400 ទៅ 450 គីឡូម៉ែត្រ យ៉ាងតិច 10 ឆ្នាំ។ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយអវកាសដែលមានរាងជាអក្សរ T នេះ ត្រូវបានដំឡើងរួចរាល់កាលពីឆ្នាំ 2022។ មុននោះ ក្នុងឆ្នាំ 2011 ចិនត្រូវបានបណ្ដេញចេញពីស្ថានីយអវកាសអន្តរជាតិ នៅពេលសហរដ្ឋអាម៉េរិកមិនអនុញ្ញាតឱ្យណាសាសហការជាមួយប្រទេសនេះ។
ចិនមិនមានគម្រោងប្រើប្រាស់ស្ថានីយ Tiangong សម្រាប់កិច្ចសហប្រតិបត្តិការទូទាំងសកលលោកក្នុងទ្រង់ទ្រាយធំដូច ISS ប៉ុន្តែ នៅតែត្រៀមខ្លួនសហការជាមួយបរទេស។