ប្រទេសហ្វាំងឡង់កំពុងប្រឈមនឹងស្ថានភាពកម្រជួប នៅពេលបរិមាណអគ្គិសនីស្អាតសម្បូរហូរហៀរ ដល់ថ្នាក់ធ្វើឱ្យតម្លៃអគ្គិសនីថោកដល់កម្រិតសូន្យ។
ក្នុងពេលប្រទេសជាច្រើនលើពិភពលោកកំពុងមានការលំបាកក្នុងការដោះស្រាយវិបត្តិថាមពល តម្លៃអគ្គិសនីនៅហ្វាំងឡង់បែរជាធ្លាក់ចុះដល់កម្រិតអវិជ្ជមាននៅដើមសប្ដាហ៍នេះ។ តម្លៃអគ្គិសនីកម្រិតអវិជ្ជមាន មានន័យថា ប្រភពផ្គត់ផ្គង់អគ្គិសនីនៅលើទីផ្សារខ្ពស់ជាងតម្រូវការនៃការប្រើប្រាស់។ បើទោះហាក់មិនធម្មតា ប៉ុន្តែតម្លៃអគ្គិសនីអវិជ្ជមានអាចនាំមកទាំងផលល្អ ទាំងផលអាក្រក់។
អំពីផលល្អ ស្ថានភាពខាងលើមានប្រយោជន៍ដល់អ្នកប្រើប្រាស់ នៅពេលការចំណាយលើថ្លៃភ្លើងត្រូវថយចុះខ្លាំង ឬស្មើសូន្យ។ ប៉ុន្តែ តម្លៃនេះក៏ជះឥទ្ធិពលអាក្រក់ដល់ប្រាក់ចំណូលរបស់អ្នកផលិតអគ្គិសនី និងបង្កផលវិបាកដល់ការវិនិយោគលើគម្រោងថាមពលនាពេលអនាគត។
តម្លៃអគ្គិសនីធម្យមទាបជាងសូន្យ កើតឡើងពីមូលហេតុធំៗចំនួនពីរ៖ ថាមពលកកើតឡើងវិញសល់ច្រើនមិនធ្លាប់បានជួប និងការប្រើប្រាស់អគ្គិសនីរបស់ប្រជាជនហ្វាំងឡង់ថយចុះដោយសារតែឥទ្ធិពលនៃសង្គ្រាមរវៀងរុស្ស៊ី និងអ៊ុយក្រែន។ ប្រការនេះបានដើរបញ្ច្រាសស្ថានការណ៍ បើធៀបនឹងរដូវរងាឆ្នាំមុន ដែលរដ្ឋាភិបាលហ្វាំងប្រឈមនឹងបញ្ហាខ្វះថាមពល និងតែងតែអំពាវនាវឱ្យមានការសន្សំសំចៃអគ្គិសនី។
បញ្ហាខ្វះថាមពលបានប្ដូរផ្លាស់ច្រើននៅពេលហ្វាំងឡើងដំណើរការរោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអែរ កាលពីខែមេសាឆ្នាំនេះ។ ទន្ទឹមនឹងនេះ ហ្វាំងឡង់ក៏នៅតែប្រឹងប្រែងតាមចាប់គោលដៅ «ប្រែក្លាយថាមពលស្អាតឱ្យទៅជាប្រភពថាមពលចម្បងនៅឆ្នាំ 2027។
ក្រៅពីនេះក៏នៅមានកត្តាជាច្រើនដែលរួមចំណែកធ្វើឱ្យតម្លៃអគ្គិសនីនៅហ្វាំងឡង់ត្រូវធ្លាក់ចុះ។ ក្នុងនោះមានដូចជា រោងចក្រវារីអគ្គិសនីនានាត្រូវធ្វើការលើសកម្លាំងដោយសារតែទឹកជំនន់នាពេលថ្មីៗនេះ នាំឱ្យបរិមាណអគ្គិសនីត្រូវសល់ច្រើន។ល។
យោងតាម The Tech Times ក្នុងស្ថានការណ៍បែបនេះ ក្រុមអ្នកផលិតអគ្គិសនីនៅហ្វាំងឡង់ ត្រូវការយកចិត្តទុកដាក់ទៅលើដំណោះស្រាយសម្រាប់ការបែងចែកផលិតផលដើម្បីចៀសវាងការខាតបង់៕