ជនសង្ស័យ Fulgence Kayishema ដែលត្រូវប៉ូលិសស្វែងរកព្រោះតែបានសម្លាប់មនុស្សជាង 2,000 នាក់នៅក្នុងយុទ្ធនាការប្រល័យពូជសាសន៍នៅ រវ៉ាន់ដា ឆ្នាំ 1994 ត្រូវបានចាប់ខ្លួន។
Fulgence kayishema អតីតមន្ត្រីប៉ូលិសអាយុជាង 60 កាលពីថ្ងៃទី 24 ឧសភា 2023 ត្រូវបានចាប់ខ្លួននៅក្នុងចំការទំពាំងបាយជូរនៅទីរួមស្រុកមួយក្នុងតំបន់ផលិតស្រាទំពាំងបាយជូរដែលមានចម្ងាយពីរដ្ឋធានី Cape Town របស់អាហ្វ្រិកខាងត្បូង ជិត 50 គីឡូម៉ែត្រទៅទិសខាងកើត។
ជនសង្ស័យនេះត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការមួយដែលមានកិច្ចសហការរវាងអាជ្ញាធរអាហ្វ្រិកខាងត្បូង និងអង្គការសហប្រជាជាតិ។ យោងតាមប៉ូលិសអាហ្វ្រិកខាងត្បូង Kayishema បានសារភាពថាខ្លួនឈ្មោះ Donatien Nibashumba និងមិនព្រមទទួលស្គាល់ឈ្មោះពិត។ ក៏ប៉ុន្តែ រហូតដល់ព្រលប់ថ្ងៃដដែល ជននេះនិយាយថា «ខ្ញុំបានរង់ចាំការចាប់ខ្លួននេះជាយូរមកហើយ»។
Kayishema ត្រូវបានសមត្ថកិច្ចប្រកាសចាប់ខ្លួនកាលពីឆ្នាំ 2001។ សមត្ថកិច្ចបានឱ្យដឹងថា ជននេះបានប្រើប្រាស់ឈ្មោះ និងលិខិតស្នាមក្លែងក្លាយជាច្រើនដើម្បីចៀសវាងការចាប់ខ្លួនក្នុងអំឡុងពេលរត់គេច និងលាក់ខ្លួន។ សហរដ្ឋអាម៉េរិកបានប្រកាសផ្ដល់រង្វាន់ 5 លានដុល្លារសម្រាប់អ្នកទាំងឡាយណាដែលបានផ្ដល់ព័ត៌មានឈានទៅដល់ការចាប់បាន Kayishema។
កាលពីឆ្នាំ 1994 ជនជាតិ Tutsi និង Hutu ជាង 800,000 នាក់បានស្លាប់នៅក្នុងអំពើប្រល័យពូជសាស្ត្រនៅប្រទេសរវ៉ាន់ដា ដែលធ្វើឡើងក្នុងរយៈពេលបីខែ។ តុលាការបានចោទប្រកាន់ Kayishema ថា បានចូលរួមដោយផ្ទាល់ក្នុងការរៀប និងអនុវត្តគម្រោងសម្លាប់មនុស្សជាង 2,000 នាក់នៅវិហារកាតូលិក Nyange កាលពីថ្ងៃទី 15 មេសា 1994 នៅពេលអំពើសម្លាប់រង្គាលទើបតែចាប់ផ្ដើម។
ដីកាតុលាការបានឱ្យដឹងថា Kayishema ដែលពេលនោះគឺជាមន្ត្រីស៊ើងអង្កេត បានទិញសាំងដើម្បីដុតវិហារដែលមានជនភៀសខ្លួនជាច្រើននៅខាងក្នុង។ ជននេះ និងបក្ខពួកក៏ត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់គ្រឿងចក្រដើម្បីកម្ទេចវិហារបន្ទាប់ពីមានករណីអគ្គិភ័យ។
នៅពេលយុទ្ធនាការប្រល័យពូជសាសន៍ដែលបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ 1994 Kayishema ក៏រត់ចូលសាធារណរដ្ឋកុងហ្កោ ជាមួយនឹងប្រពន្ធកូន និងបងថ្លៃ។ បន្ទាប់ពីបានរត់ទៅកាន់ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក ជននេះក៏បានទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងនៅឆ្នាំ 1999 និងប្រើប្រាស់ឈ្មោះក្លែងក្លាយដើម្បីសុំសិទ្ធិជ្រកកោននៅ Cape Town។
ចាប់តាំងពីបានទៅដល់អាហ្វ្រិកខាងត្បូង ជនសង្ស័យបានពឹងអាស្រ័យលើបណ្ដាញជំនួយមួយដែលរួមមានទាំងក្រុមអតីតសមាជិកកងទ័ពរវ៉ាន់ដា ជាក្រុមមនុស្សដែលបានស្វែងរកវិធីលាក់បាំងសកម្មភាព និងកន្លែងស្នាក់នៅរបស់ Kayishema។
Kayishema គ្រោងនឹងត្រូវបានកាត់ទោសនៅក្នុងតុលាការមួយនៅ Cape Town នៅថ្ងៃទី 26 ឧសភានេះ មុនពេលអាចត្រូវបាននាំខ្លួនទៅកាន់ប្រទេសរវ៉ាន់ដា។
«Kayishema បានរត់គេចខ្លួនជាង 20 ឆ្នាំ។ ការចាប់ខ្លួននេះបានធានាថា ចុងក្រោយជននេះក៏ត្រូវទទួលទោសសមស្របសម្រាប់អំពើឧក្រិដ្ឋរបស់ខ្លួន» Serge Brammertz ប្រធានរដ្ឋអាជ្ញានៃយន្តការដោះស្រាយរឿងក្ដីនៅសេសសល់របស់តុលាការអន្តរជាតិ (IRMCT) នៃអង្គការសហប្រជាជាតិ ថ្លែងដូច្នេះ និងបន្ថែមថា «អំពើប្រល័យពូជសាសន៍គឺជាទោសធ្ងន់ធ្ងរបំផុតចំពោះមនុស្សជាតិ»៕