(សហរដ្ឋអាម៉េរិក) – ស្ត្រីអវកាសចរដំបូងរបស់គណៈកម្មការអវកាសអារ៉ាប៊ីសាអូឌីត បានក្លាយជាមនុស្សទី 600 ដែលហោះជុំវិញផែនដីនៅក្នុងយានអវកាស Dragon របស់ SpaceX នៅម៉ោង 4:37 ថ្ងៃទី 22 ឧសភា ឆ្នាំ 2023 (ពេលវេលានៅកម្ពុជា)។
ការបាញ់បង្ហោះយានអវកាសកាលពីថ្ងៃទី 22 ឧសភា គឺជាការចាប់ផ្ដើមសម្រាប់ Ax-2 (Axiom-2) ដែលជាបេសកកម្មហោះហើរឯកជនលើកទីពីររបស់ក្រុមហ៊ុន Axiom Space ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។ បេសកកម្មដំបូង គឺ Ax-1 ត្រូវបានធ្វើឡើងកាលពីខែមេសា ឆ្នាំ 2022។
Ax-2 រួមមានអ្នកអវកាសបួននាក់ ក្នុងនោះក៏មានអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ លោកស្រី Rayyanah Barnawi ផងដែរ។ Barnawi ដែលជាអ្នកអវកាសដំបូងរបស់គណៈកម្មការអវកាសអារ៉ាប៊ីសាអូឌីត បានក្លាយជាមនុស្សទី 600 ដែលហោះក្នុងគន្លងគោចរជុំវិញផែនដី។
ប៉ុន្តែ បើសិនគិតទាំងមនុស្សដែលបានឡើងផុតខ្សែបន្ទាត់ Karman ដែលជាព្រំដែនអវកាសកម្ពស់ 100 គីឡូម៉ែត្រពីផែនដី ទៅតាមអនុសញ្ញារបស់ក្រុមអ្នកជំនាញអន្តរជាតិច្រើនរូប គេត្រូវតែរាប់មនុស្ស 32 នាក់ទៀតដែលបានហោះហើរលើយានអវកាស New Shepard របស់ Blue Origin។ ជើងហោះហើរទាំងនេះបានឡើងជិតដល់គន្លងតារាវិថីផែនដី និងត្រលប់វិញ ដោយមិនបានហោះជុំវិញផែនដី។
តាមផែនការ Axiom-2 នឹងត្រលប់មកកាន់ផែនដីនៅដើមខែមិថុនា 2023 ដោយចុះចតលើមហាសមុទ្រអាត្លង់ទិក។
ថ្វីបើការហោះហើរមានរយៈពេលតែ12 ថ្ងៃ ប៉ុន្តែ Axiom-2 មានគម្រោងស្រាវជ្រាវជាច្រើន ក្នុងនោះមានដូចជា បាតុភូតបរិយាកាសកម្រជួប ការពិសោធឈុតសម្លៀកបំពាក់អវកាស ក៏ដូចជាការពិសោធពាក់ព័ន្ធនឹងសុខភាព។ល។