ស្នាម​ខ្មៅធំជាង​ផែនដី​បួន​ដងនៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា

ស្នាម​ខ្មៅ AR3310 ​ជា​ដុំ​ងងឹត​នៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​ដែល​បែរ​មក​រក​ផែនដី ធំ​ដល់​ថ្នាក់​អាច​មើល​ឃើញ​ពី​ផែនដី​ដោយ​មិន​បាច់​ប្រើ​តេឡេស្កុប​។

តារាវិទូ​កូរ៉េខាងត្បូង Bum-Suk Yeom ចែក​រំលែក​រូប​ភាព​ដែល​ប្រៀប​ធៀបរវាង​​ស្នាម​ខ្មៅ​ AR3310 និង​ផែនដី​។ «ស្នាម​ខ្មៅ​ព្រះអាទិត្យ​មើល​ដោយ​ភ្នែក​ធម្មតា និង​វ៉ែនតាសម្រាប់​មើល​​ព្រះអាទិត្យ​។ វា​ស្ថិត​នៅ​ខាង​ឆ្វេង​ធៀប​នឹង​ចំណុច​កណ្ដាល​របស់​រង្វង់​​ព្រះ​អាទិត្យ​» Yeom សរសេរ​ក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី 23 ឧសភា​ដូច្នេះ​។

ស្នាម​ខ្មៅ​មើល​ទៅដូច​ងងឹត ព្រោះ​វា​ត្រជាក់​ជាង​តំបន់​ដទៃ​របស់​ផ្ទៃ​ព្រះ​អាទិត្យ​ នេះ​បើតាម​ណាសា​។ ស្នាម​ខ្មៅ​ត្រជាក់ជាង​ក៏​ព្រោះ​តែ​ពួក​វា​កើត​ឡើង​នៅ​កន្លែង​ដែល​ដែន​ម៉ាញេទិក​មាន​កម្លាំង​ខ្លាំ​ង​រារាំង​កម្ដៅ​ពី​ខាង​ក្នុង​ព្រះ​អាទិត្យ​ជះ​​មក​ក្រៅ​។ ពេល​ខ្លះ​ស្នាម​ខ្មៅ​លើ​ព្រះ​អាទិត្យ​ធំ​រហូត​ដល់​ថ្នាក់​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​ មិន​ចាំបាច់​ប្រើ​តេឡេស្កុប ប៉ុន្តែ​ត្រូវ​ការ​វ៉ែនតា​ការ​ពារ​ភ្នែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​។

ទិដ្ឋភាព​ផ្ទុះ​អណ្ដាត​ភ្លើង​ព្រះ​អាទិត្យ​ (Solar Flare)

ទំហំ​ផ្ទៃ​ផែន​ដី​ស្មើ​នឹង​ 169 ភាគ​លាន​ធៀប​នឹង​​ផ្ទៃ​ព្រះ​អាទិត្យ​។ Bum-Suk គណនា​ឃើញ​ថា AR3310 មាន​ទំហំ​ធំ​ជាង​ផែនដី​ប្រហែល​បួន​ដង​។

ស្នាម​ខ្មៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​អាច​បង្កើត​​ហេតុ​ការណ៍​ផ្ទុះ​អណ្តាតភ្លើងព្រះអាទិត្យ (Solar flare)​ ដែល​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ទូរគមនាគមន៍​ ​ផ្កាយ​រណប និង​​បណ្ដាញ​អគ្គិសនី​​ផងដែរ​៕

Advertisement