រ៉ុក្កែត Nuri ដែលមានប្រវែង 47.2 ម៉ែត្រ នឹងនាំយកផ្កាយរណបសរុប 8 គ្រឿង ឡើងទៅកាន់គន្លងតារាវិថី។
កូរ៉េខាងត្បូងបានត្រៀមរួចរាល់សម្រាប់ការបាញ់បង្ហោះរ៉ុក្កែតអវកាសផលិតក្នុងស្រុក Nuri នៅក្នុងថ្ងៃនេះ។ ក្រសួងវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា ក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េខាងត្បូង (KARI) បានអះអាងថា ការត្រួតពិនិត្យចុងក្រោយបង្ហាញថា បញ្ហាបច្ចេកទេសនានាត្រូវបានធានា ហើយការព្យាករអំពីអាកាសធាតុក៏មានអំណោយផលល្អដល់ការបាញ់បង្ហោះ។
រ៉ុក្កែតអវកាស Nuri ឬហៅថា KSlV-II នឹងនាំយកផ្កាយរណបសរុប 8 គ្រឿង ឡើងទៅកាន់គន្លងតារាវិថី ក្នុងនោះក៏មានផ្កាយរណបបួនគ្រឿងដែលមានឈ្មោះកូដថា SNIPE ដែលអភិវឌ្ឍ និងផលិតដោយវិទ្យាស្ថានវិទ្យាសាស្ត្រអវកាស និងតារាសាស្ត្រកូរ៉េខាងត្បូង។
រ៉ុក្កែត Nuri មានប្រវែង 47.2 ម៉ែត្រ មុខកាត់ 3.5 ម៉ែត្រ និងទម្ងន់ 17.5 តោន។ ខុសពីរការបាញ់បង្ហោះលើកទីមួយ និងទីពីរដែលមានតែផ្កាយរណបក្លែងក្លាយ ការបាញ់បង្ហោះលើកទីបីនេះមានផ្ទុកផ្កាយរណបដែលអាចបំពេញបេសកកម្មដូចផ្កាយរណបដទៃ។ ក្នុងនោះមានផ្កាយរណបមួយគ្រឿងបំពាក់ជាប់លើរ៉ុក្កែត Nuri ផងដែរ។
រ៉ុក្កែត Nuri ត្រូវបានដំឡើងទៅក្នុងប្រព័ន្ធទម្រនៅមជ្ឈមណ្ឌលអវកាស Naro ក្នុងតំបន់ Goheung នៃខេត្ត Jeolla ខាងត្បូង កាលពីថ្ងៃទី 23 ឧសភា។ តាមផែនការ រ៉ុក្កែតនេះនឹងត្រូវបានបាញ់បង្ហោះនៅវេលាម៉ោងប្រហែល 18:24 (ម៉ោងក្នុងស្រុក) ក្នុងថ្ងៃទី 24 ឧសភានេះ។
មុននេះ កូរ៉េខាងត្បូងបានបាញ់បង្ហោះសាកល្បងរ៉ុក្កែត Nuri លើកទីមួយកាលពីខែតុលា 2021 ប៉ុន្តែរ៉ុក្កែតហោះមិនដល់គោលដៅ។ ក្នុងការបាញ់បង្ហោះរ៉ុក្កែត Nuri លើកទីពីរកាលពីខែមិថុនា 2022 បានទទួលជោគជ័យ។
គិតត្រឹមបច្ចុប្បន្ន កូរ៉េខាងត្បូងបានក្លាយជាប្រទេសទី 7 លើពិភពលោក ដែលបានអភិវឌ្ឍយានបាញ់បង្ហោះទៅកាន់ទីអវកាសដែលអាចនាំយកផ្កាយរណបទម្ងន់ជាងមួយតោន បន្ទាប់ពីរុស្ស៊ី អាម៉េរិក បារាំង ចិន ជប៉ុន និងឥណ្ឌា៕