(ក្វាតេម៉ាឡា)- ក្រុមអ្នកស្រាវជ្រាវអាម៉េរិក-ក្វាតេម៉ាឡា បានរកឃើញបណ្ដាញ «ផ្លូវល្បឿនលឿន» ដំបូងគេលើពិភពលោក ដែលតភ្ជាប់ទីក្រុងបុរាណរាប់រយរបស់ជនជាតិម៉ាយ៉ា (Maya)។
យោងតាម Business Insider ដែលបានចុះផ្សាយកាលពីថ្ងៃទី 22 ឧសភា បណ្ដាញ «ផ្លូវល្បឿនលឿន» បុរាណនេះមានប្រវែងប្រហែល 177 គីឡូម៉ែត្រ តភ្ជាប់ទីក្រុងចំនួន 417។ ការរកឃើញបណ្ដាញផ្លូវ និងទីក្រុង ក៏ដូចជាប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម បង្ហាញថា សហគមន៍ជនជាតិដែលរស់នៅតំបន់អាម៉េរិកកណ្ដាល មានភាពរីកចម្រើនជាងអ្វីដែលអ្នកវិទ្យាសាស្ត្រធ្លាប់បានគិត។ លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានចុះផ្សាយលើទស្សនាវដ្ដីរបស់សាកលវិទ្យាល័យ Cambridge។
សំណល់បុរាណដែលស្ថិតនៅលើទីតាំងបុរាណ el Mirador ក្នុងតំបន់ព្រៃមួយនៃប្រទេសក្វាតេម៉ាឡា មានវត្តមានតាំងពី 1,000 ឆ្នាំមុនគ្រិស្តសករាជ រហូតដល់សម័យបុរេប្រវត្តិរបស់ជនជាតិម៉ាយ៉ា។ តំបន់ព្រៃនេះអាចទៅដល់ដោយការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ឬដើរដោយថ្មើរជើង 64 គីឡូម៉ែត្រ។
ក្រុមអ្នកស្រាវជ្រាវអាម៉េរិក-ក្វាតេម៉ាឡា បានគូរផែនទីតំបន់ខាងលើចាប់តាំងពីឆ្នាំ 2015 ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាស្កេនកាំរស្មីឡាស៊ែរ ដែលហៅថា លីដា (lidar)។ បច្ចេកវិទ្យានេះអាចឱ្យគេរកឃើញវត្ថុបុរាណតូចបំផុត។ លីដាអនុញ្ញាតឱ្យអ្នកស្រាវជ្រាវមើលឃើញប្រឡាយ ព្រែក បឹង បណ្ដាញផ្លូវ ឬ បណ្ដាញប្រាសាទបុរាណ។ល។