កាលពីយប់ថ្ងៃទី 20 ឧសភា ផ្ទៃមេឃនៅពេលរាត្រីក្នុងរដ្ឋ Queensland ភាគខាងជើងប្រទេសអូស្ត្រាលី បែរជាភ្លឺចាំងភ្នែក នៅពេលអាចម៍ផ្កាយមួយដុំហោះកាត់បរិយាកាស ធ្លាក់ទៅលើផែនដី បង្កជាសំឡេងផ្ទុះដ៏ខ្លាំង។
រូបភាពដែលថតបានដោយកាមេរ៉ាតាំងពីទីក្រុង Cairns នៅតំបន់ឆ្នេរសមុទ្រភាគខាងកើត រហូតដល់ Normanton នៅឈូងសមុទ្រ Carpentaria បង្ហាញថា ដុំភ្លើងមួយដុំធំ ធ្លាក់ក្នុងល្បឿនយ៉ាងលឿនចុះមកកាន់ផែនដី ហើយមានពន្លឺមួយខ្សែពណ៌បៃតង ពណ៌ខៀវ និងលឿងលេចចេញតាមពីក្រោយ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 09:22 យប់ ថ្ងៃទី 20 ឧសភា ឆ្នាំ 2023 (ពេលវេលាក្នុងស្រុក)។ ប្រជាជននៅទីរួមស្រុក Croydon ដែលមានចម្ងាយពី Cairns ប្រហែល 500 គីឡូម៉ែត្រទៅទិសខាងលិច ក៏បានឮសំឡេងផ្ទុះ។
អាចម៍ផ្កាយខាងលើនេះប្រហែលជាមានទំហំពី 0.5 ដល់ 1 ម៉ែត្រ តូចជាងអាចម៍ផ្កាយទំហំមធ្យម និងផ្លាស់ទីក្នុងល្បឿន 150,000 គីឡូម៉ែត្រ/ម៉ោង។ នេះបើតាមបណ្ឌិត Brad Tucker មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី។
អាចម៍ផ្កាយធ្លាក់ និងផ្ទុះឆេះនៅ Queensland ប្រទេសអូស្ត្រាលី
យោងតាមបណ្ឌិត Tucker អាចម៍ផ្កាយនេះនឹងមិនបង្កឱ្យមានរណ្ដៅ ដោយសារតែវាត្រូវបែកជាបំណែកមុនពេលធ្លាក់ដល់ដី ប៉ុន្តែវាក៏អាចនៅសល់បំណែកខ្លះត្រង់កន្លែងធ្លាក់។
កាលពីឆ្នាំ 2013 អាចម៍ផ្កាយមួយដុំទំហំ 20 ម៉ែត្រ បានផ្ទុះនៅខាងលើទីក្រុង Chelyabinsk របស់រុស្ស៊ី។ ការផ្ទុះនេះមានកម្លាំងប្រហាក់ប្រហែលនឹងការផ្ទុះ 500 គីឡូតោន (100,000 តោន) របស់រំសេវ TNT។ ការផ្ទុះនេះបានធ្វើឱ្យមនុស្សជាច្រើនត្រូវប៉ើង និងបំបែកបង្អួចកញ្ចក់របស់អគាររាប់ពាន់ខ្នង ខណៈដែលរោងចក្រមួយក៏ត្រូវបាក់រលំ។ យោងតាមទំព័រ Guardian អាចម៍ផ្កាយ Chelyabinsk ភ្លឺជាងព្រះអាទិត្យ 30 ដង ធ្វើឱ្យប្រជាជននៅឆ្ងាយពីទីនោះជិត 30 គីឡូម៉ែត្រ ក៏ត្រូវរលាកស្បែក និងភ្នែក៕