យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងយុទ្ធសាស្ត្រនៅសហរដ្ឋអាម៉េរិក យន្តហោះអវកាសប្រើប្រាស់ឡើងវិញរបស់ប្រទេសចិន បានបង្ហោះវត្ថុមួយចូលទៅក្នុងគន្លងគោចរកាលពីខែតុលា ឆ្នាំ 2022។
ក្រោយរយៈពេល 9 ខែនៅលើគន្លងគោចរ យន្តហោះអវកាសដ៏អាថ៌កំបាំងរបស់ប្រទេសចិនក៏បានចុះចត ជួយឱ្យប្រទេសនេះក្លាយជាមួយក្នុងចំណោមប្រទេសដ៏តិចតួចដែលបានបាញ់បង្ហោះ និងបញ្ជាឱ្យចុះចតដោយជោគជ័យនូវយន្តហោះអវកាសដែលអាចប្រើប្រាស់ឡើងវិញ។ យន្តហោះអវកាសនេះបានត្រលប់មកកាន់ផែនដីវិញកាលពីព្រឹកថ្ងៃទី 08 ឧសភា 2023 បន្ទាប់ពីស្ថិតនៅលើគន្លងគោចរអស់រយៈពេល 276 ថ្ងៃ យូរជាង 100 ដង ធៀបនឹងជើងហោះហើរដំបូងកាលពីជិត 3 ឆ្នាំមុន។
ក៏ប៉ុន្តែ រដ្ឋាភិបាលចិនមិនបានប្រកាសព័ត៌មានច្រើនទាក់ទងនឹងយន្តហោះអវកាសនេះទេ។ នេះបើតាម Live Science ចុះផ្សាយកាលពីថ្ងៃទី 20 ឧសភា។
Kevin Pollpeter អ្នកវិទ្យាសាស្ត្រប្រចាំមជ្ឈមណ្ឌលវិភាគផ្នែកទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិក ឱ្យដឹងថា យន្តហោះអវកាសរបស់អាម៉េរិក Boeing X-37B ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2010 អាចជាកត្តាជំរុញឱ្យរដ្ឋាភិបាលចិនអភិវឌ្ឍយន្តហោះអវកាសផ្ទាល់ខ្លួន។
ដូចទៅនឹង Boeing X-37B យន្តហោះអវកាសរបស់ចិនទំនងជាមិនមានមនុស្សបើកបរ និងតូច។ វាប្រហែលជាបានហោះហើរលើកដំបូងកាលពីខែកញ្ញា 2020 និងចុះចតវិញក្រោយការហោះហើរបាន 2 ថ្ងៃ។ បេសកកម្មថ្មីបំផុតរបស់យន្តហោះអវកាសចិន ចាប់ផ្ដើមពីខែសីហា 2022 ដែលហោះឡើងដោយសាររ៉ុក្កែត Long March 2F។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS) នៅសហរដ្ឋអាម៉េរិក។ គោលដៅពិតប្រាកដរបស់បេសកកម្មនេះនៅតែជារឿងអាថ៌កំបាំង។
CSIS បានឱ្យដឹងថា យន្តហោះអវកាសចិន បានទម្លាក់វត្ថុមួយទៅក្នុងគន្លងគោចរកាលពីខែតុលា 2022។ វត្ថុនេះទំនងជាបានបាត់ខ្លួនកាលពីខែមករា 2023 ហើយក្រោយមកក៏បានបង្ហាញខ្លួនជាថ្មីនៅលើរ៉ាដាកាលពីខែមីនា 2023។ ក្រុមអ្នកជំនាញយល់ថា ប្រការនេះអាចបង្ហាញថា យន្តហោះអវកាសចិនមានសមត្ថភាពបំផ្លាស់ទីវត្ថុដោយដៃយន្តរបស់វា៕