នៅក្នុងផ្នែកសំខាន់ៗ សហរដ្ឋអាម៉េរិកមិនត្រឹមតែមានប្រៀបលើសលុបលើប្រទេសចិននោះទេ ប៉ុន្តែក៏មានប្រៀបជាងបណ្ដាប្រទេសបូកចូលគ្នាផងដែរនៅក្នុងវិស័យអវកាស។
អំពីថវិកា៖ ឆ្នាំ 2021 ថវិកាសម្រាប់ផ្នែកអវកាសរបស់សហរដ្ឋអាម៉េរិកគឺប្រមាណ 59.8 ពាន់លានដុល្លារ ខណៈប្រទេសចិន មានប្រហែល 16.18 ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាម Svetla Ben-Itzhak សាស្ត្រាចារ្យរងផ្នែកអវកាស និងទំនាក់ទំនងអន្តរជាតិ ប្រចាំសាកលវិទ្យាល័យ Air (AU) របស់សហរដ្ឋអាម៉េរិក។
ផ្កាយរណប៖ គិតត្រឹមខែមេសា ឆ្នាំ 2023 នៅលើគន្លងតារាវិថីផែនដី មានផ្កាយរណបសរុប 5,465 គ្រឿងកំពុងដំណើរការ។ ក្នុងនោះ សហរដ្ឋអាម៉េរិកមាន 3,433 គ្រឿង ស្មើនឹង 63% ហើយឈរលំដាប់លេខមួយលើពិភពលោក។ ចំណែកប្រទេសចិនវិញ មានតែ 541 គ្រឿងប៉ុណ្ណោះ។
អវកាសយានដ្ឋាន៖ សហរដ្ឋអាម៉េរិកមានអវកាសយានដ្ឋានសម្រាប់បាញ់បង្ហោះយានអវកាសចំនួន 7 កំពុងដំណើរការក្នុង និងក្រៅប្រទេស គ្រាដែលយ៉ាងតិច 13 កន្លែងផ្សេងទៀតកំពុងស្ថាបនា។ ប្រទេសចិនមានអាកាសយានដ្ឋានកំពុងដំណើរការចំនួន 4 កន្លែង និង 2 កន្លែងទៀតកំពុងអភិវឌ្ឍទៅតាមផែនការ ហើយទាំងអស់សុទ្ធតែស្ថិតក្នុងទឹកដីប្រទេសនេះ។
ដៃគូសហការ៖ រដ្ឋាភិបាលអាម៉េរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន 169 ជាមួយរដ្ឋ និងអង្គការអន្តររដ្ឋាភិបាលចំនួន នឹង 33, 129 ជាមួយនឹងដៃគូពាណិជ្ជកម្ម និង 7 ជាមួយនឹងស្ថាប័នស្រាវជ្រាវ។ ប្រទេសចិន មានកិច្ចសហការជាមួយប្រទេសរុស្ស៊ី អ៊ីរ៉ង់ ប៉ាគិស្ថាន ថៃ និងតួកគី។
បេសកកម្មឡើងទៅឋានព្រះចន្ទ៖ រុស្ស៊ី និងចិន សហការគ្នានៅក្នុងគម្រោងឡើងទៅកាន់ឋានព្រះចន្ទនៅឆ្នាំ 2028។ ស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិរបស់ប្រទេសទាំងពីរនេះ បើកទ្វារទទួលយកដៃគូសហការអន្តរជាតិ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានដៃគូថ្មីណាមួយឡើយ។ ចំណែកកម្មវិធីព្រះចន្ទ Artemis ដែលនឹងនាំអ្នកអវកាសឡើងទៅកាន់ឋានព្រះចន្ទនៅឆ្នាំ 2025 របស់សហរដ្ឋអាម៉េរិកវិញ គិតចាប់ពីឆ្នាំ 2020 មានប្រទេសចំនួន 24 បានចូលរួម។
ចំនួនលើកនៃការបាញ់បង្ហោះយានអវកាស៖ ឆ្នាំ 2021 ប្រទេសចិនបានបាញ់បង្ហោះយានអវកាសចំនួន 55 លើក ច្រើនជាងសហរដ្ឋអាម៉េរិកចំនួន 4 លើក។
ស្ថានីយអវកាស៖ ចាប់ពីឆ្នាំ 2022 ប្រទេសចិនមានស្ថានីយអវកាសពេញលេញផ្ទាល់ខ្លួន ឈ្មោះ ធានហ្គង់ (Tiangong) ដែលគ្រប់គ្រងតែឯង។ ចាប់ពីឆ្នាំ 1990 សហរដ្ឋអាម៉េរិកបានសហការជាមួយប្រទេសចំនួន 14 ក្នុងនោះមានរុស្ស៊ីផងដែរ ដើម្បីដំណើរការស្ថានីយអវកាសអន្តរជាតិ (ISS)។ ប្រទេសចិនអាចនឹងមានប្រៀបជាងសហរដ្ឋអាម៉េរិក យ៉ាងឆាប់ត្រឹមឆ្នាំ 2045 បើសិនវ៉ាស៊ីងតោនមិនធ្វើសកម្មភាព។ ប៉ុន្តែ យោងតាម Space លទ្ធភាពនេះប្រហែលជានឹងមិនអាចកើតឡើង ព្រោះថា សហរដ្ឋអាម៉េរិកកំពុងតែបង្កើនការវិនិយោគទៅលើវិស័យអវកាស៕