ទឹកជំនន់កំពុងតែបំផ្លាញតំបន់ភាគឦសាននៃប្រទេសអ៊ីតាលី បណ្ដាលឱ្យមនុស្ស 13 នាក់បាត់បង់ជីវិត និងរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួន ក្រោយពីភ្លៀងធំធ្វើឱ្យបាក់ដី នាំឱ្យទឹកទន្លេហូរចូលទីប្រជុំជន។
តំបន់ Emilia Romagna នៃប្រទេសអ៊ីតាលី នៅសប្ដាហ៍នេះត្រូវរងគ្រោះដោយសារជំនន់ដែលបានធ្វើឱ្យទឹកទន្លេចំនួន 23 ឡើងលិចច្រាំង បង្កឱ្យមានហេតុការណ៍បាក់ដីចំនួន 300 ករណី ប៉ះពាក់ដល់ទីក្រុង និងទីប្រជុំជន 42 តំបន់ ខណៈផ្លូវជាង 400 កំណាត់ក៏ត្រូវខូចខាត។
ទឹកជំនន់នេះក៏បានធ្វើឱ្យមនុស្សប្រហែល 20,000 នាក់ត្រូវជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព គ្រាដែលមនុស្សយ៉ាងតិច 13 នាក់បានបាត់បង់ជីវិត។
ជនចាស់ជរា និងជនពិការជាច្រើននាក់ត្រូវជាប់ក្នុងផ្ទះ នៅពេលកងកម្លាំងជួយសង្គ្រោះធ្វើការក្រោមទឹកភ្លៀងទាំងយប់ទាំងថ្ងៃ ដោយសារតែទឹកជំនន់ធំបំផុតមិនធ្លាប់នៅប្រទេសអ៊ីតាលី ក្នុងរង្វង់ 100 ឆ្នាំមកនេះ៕