(សហរដ្ឋអាម៉េរិក) – ស្ថានីយអវកាសឯកជនដែលមានបណ្ដោយប្រហែល 100 ម៉ែត្រ រួមមានម៉ូឌុលជាច្រើន និងទំនាញផែនដីសិប្បនិម្មិត នឹងធ្វើសកម្មភាពនៅលើគន្លងគោចរផែនដី នៅពីរឆ្នាំខាងមុខ។
ក្រុមហ៊ុន Vast Space នៅ California កាលពីថ្ងៃទី 10 ឧសភា បានប្រកាសអំពីគម្រោងបាញ់បង្ហោះស្ថានីយអវកាស Haven-1 តាមរយៈរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX យ៉ាងយូរត្រឹមខែសីហា 2025។ បន្ទាប់មក បេសកកម្ម Vast-1 នឹងដឹកអ្នកអវកាសឡើងទៅស្ថានីយ Haven-1 និងនៅទីនោះរយៈពេល 30 ថ្ងៃ។ បេសកកម្ម Vast-1 ក៏នឹងត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត Falcon 9 ហើយក្រុមអវកាសចរនឹងជិះក្នុងយាន Dragon របស់ SpaceX។
«ការសហការជាមួយ SpaceX គឺជាជំហានដំបូងនៅក្នុងគោលដៅយូរអង្វែង សំដៅរកការបាញ់បង្ហោះស្ថានីយអវកាសបំពាក់ទំនាញផែនដីសិប្បនិម្មិតធំជាងមុន ទៅកាន់គន្លងគោចររបស់ផែនដី និងឆ្ងាយជាងនេះ» Jed McCaleb អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vast Space បញ្ជាក់ដូច្នេះ។
Vast គឺជាក្រុមហ៊ុនមួយដែលត្រូវបានបង្កើតឡើងកាលពីពីរឆ្នាំមុន។ ក្រុមហ៊ុននេះមានគោលដៅគ្រប់គ្រងស្ថានីយអវកាសបំពាក់ទំនាញផែនដីសិប្បនិម្មិតដែលមានម៉ូឌុលច្រើន និងប្រវែង 100 ម៉ែត្រ ហើយបាញ់បង្ហោះដោយរ៉ុក្កែតរបស់ SpaceX។
បើសិនជាគ្រប់យ៉ាងដំណើរការដោយរលូន Haven-1 នឹងក្លាយជាស្ថានីយអវកាសឯកជនមួយក្នុងចំណោមគម្រោងនានាដែលកំពុងស្ថិតក្នុងការអភិវឌ្ឍ។ កន្លងមក មានក្រុមហ៊ុនជាច្រើនក៏បានចាប់ផ្ដើមអនុវត្តគម្រោងប្រហាក់ប្រហែលនឹង Haven-1 ក្នុងនោះក៏មាន Axiom Space, Blue Origin, Nanoracks និង Northrop Grumman ផងដែរ៕