ថ្មីៗនេះ សំណើសុំបញ្ចុះអត្រាពន្ធនាំចូលរថយន្តអគ្គិសនីរបស់បណ្ដាក្រុមហ៊ុន និងស្ថាប័នមួយចំនួននៅប្រទេសវៀតណាម បានទទួលចម្លើយជាផ្លូវការពីក្រសួងហិរញ្ញវត្ថុប្រទេសនេះ។
ក្រសួងហិរញ្ញវត្ថុវៀតណាម កាលពីចុងឆ្នាំកន្លង បានស្នើឱ្យរដ្ឋាភិបាល កុំអនុម័តគោលនយោបាយកាត់បន្ថយអត្រាពន្ធពិសេសចំពោះការនាំចូលរថយន្តអគ្គិសនី ដោយលើកហេតុផលថា វៀតណាមមានគោលនយោបាយបញ្ចុះអត្រាពន្ធជាច្រើនរួចហើយ ក្នុងនោះក៏អត្រាពន្ធនាំចូលគ្រឿងបន្លាស់សម្រាប់ការផលិត និងដំឡើងរថយន្តអគ្គិសនី ដែលបញ្ចុះមកនៅ 0% ជាដើម ដើម្បីជំរុញវិស័យឧស្សាហកម្មបៃតងនៅប្រទេសនេះ។
ចំពោះអ្នកប្រើប្រាស់វិញ រដ្ឋាភិបាលវៀតណាមអនុវត្តគោលនយោបាយអនុគ្រោះពន្ធប្រថាប់ត្រា 0 ដុង ក្នុងរង្វង់បីឆ្នាំ ចាប់ពីខែមីនា 2022 និងបញ្ចុះពន្ធនេះ 50% នៅពីរឆ្នាំបន្ទាប់។ នេះបើតាមការអះអាងរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម។
ជាងនេះ ក្រសួងខាងលើបានបញ្ជាក់ថា ការបញ្ចុះអត្រាពន្ធនាំចូលចំពោះរថយន្តអគ្គិសនី ក៏នឹងធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់រថយន្តផលិតក្នុងស្រុកត្រូវថយចុះ ប៉ះពាល់ដល់ប្រភពចំណូលរបស់រដ្ឋ និងបន្ថែមសម្ពាធទៅលើហេដ្ឋារចនាសម្ព័ន្ធគមនាគមក្នុងប្រទេសនេះផងដែរ។
សំណើសុំមិនបញ្ចុះអត្រាពន្ធសម្រាប់ការនាំចូលរថយន្តអគ្គិសនីរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម ក៏ត្រូវបានឧបនាយករដ្ឋមន្ត្រីវៀតណាម Le Minh Khai អនុម័តរួចហើយកាលពីចុងឆ្នាំ 2022។
នេះគឺជាការបដិសេធជាផ្លូវការទៅនឹងសំណើសុំបញ្ចុះអត្រាពន្ធដែលក្រុមហ៊ុន TMT ដៃគូសហការរបស់សម្ព័ន្ធក្រុមហ៊ុនចិន-អាម៉េរិក SGMW (SAIC-GM-Wuling) នៅវៀតណាម និងសមាគមអាជីវកម្មមេកានិចវៀតណាម (VAMI) ដែលបានស្នើមុននោះ។
នៅកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនថែមទៀត រាជរដ្ឋាភិបាលបានទម្លាក់ពន្ធនាំចូលរថយន្តអគ្គិសនីចំនួន 50% ខណៈដែលការនាំចូលយានយន្តដែលដើរដោយប្រេងឥន្ធនៈ តម្រូវឱ្យបង់ពន្ធនាំចូលរហូតដល់ 120%។ នេះបើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងនៅក្នុងពិធី «អបអរសាទរខួបបីឆ្នាំ និងការដាក់តាំងពិព័រណ៍លក់លេខពិសេសផ្ទាល់ខ្លួន» នៅសួនច្បារវត្តបទុមវតី កាលពីព្រឹកថ្ងៃទី 07 មីនា 2023៕