មូលដ្ឋានអវកាសពាណិជ្ជកម្មដំបូងរបស់ចិន ដែលស្ថិតនៅក្នុងខេត្ត Hainan និងបម្រើដល់បេសកកម្មបាញ់បង្ហោះទាំងរ៉ុក្កែតប្រើឥន្ធនៈរាវ និងរឹង គ្រោងនឹងត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ 2024។
គម្រោងខាងលើនេះបានចាប់ផ្ដើមការងារសាងសង់តាំងពីខែកក្កដា 2022 ហើយគ្រោងនឹងបំពេញបេសកកម្មបាញ់បង្ហោះបែបពាណិជ្ជកម្មដំបូងនៅឆ្នាំក្រោយ។
ប្រព័ន្ធបាញ់បង្ហោះចំនួនពីរសម្រាប់រ៉ុក្កែតប្រើឥន្ធនៈរាវកំពុងត្រូវបានស្ថាបនា ហើយគ្រោងនឹងសម្រេចជាស្ថាពរនៅចុងឆ្នាំ 2023។ ចំណែកទម្រសម្រាប់ការបាញ់បង្ហោះរ៉ុក្កែតប្រើឥន្ធនៈរឹងពីរផ្សេងទៀតនឹងត្រូវចាប់ផ្ដើមការសាងសង់នៅចុងឆ្នាំនេះ។
«ប្រទេសចិនចាប់ផ្ដើមកម្មវិធីអវកាសពាណិជ្ជកម្មកាលពីឆ្នាំ 2015 ដោយមានវត្តមានរបស់ក្រុមហ៊ុនរ៉ុក្កែតអវកាសជាច្រើនចូលរួម» លោក Guo Qiang សមាជិកគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនបាញ់បង្ហោះផ្នែកអវកាសពាណិជ្ជកម្មអន្តរជាតិ Hainan បាននិយាយដូច្នេះ។
មួយក្នុងចំណោមបញ្ហាទាំងឡាយនាបច្ចុប្បន្ន គឺកង្វះសមត្ថភាពបាញ់បង្ហោះ។ ប៉ុន្តែ ការសាងសង់មូលដ្ឋានបាញ់បង្ហោះផ្នែកអវកាសពាណិជ្ជកម្ម អាចដោះស្រាយបញ្ហានេះបាន។
សមត្ថភាពតាមការរចនារបស់ប្រព័ន្ធបាញ់បង្ហោះនីមួយៗសម្រាប់រ៉ុក្កែតឥន្ធនៈរាវ គឺ 16 ជើងក្នុងមួយឆ្នាំ។ ដូច្នេះ បន្ទាប់ពីបានស្ថាបនារួចរាល់ មូលដ្ឋាននឹងមានសមត្ថភាពខ្ពស់ជាងមុនក្នុងការបាញ់បង្ហោះ ដែលជួយជំរុញការរីកចម្រើនរបស់វិស័យអវកាសចរណ៍ពាណិជ្ជកម្ម៕