ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើអាចម៍ផ្កាយខ្នាតធំមួយដែលនឹងហោះមកជិតផែនដីនៅចុងខែឧសភានេះ ក្នុងល្បឿន 25,750 គីឡូម៉ែត្រ/ម៉ោង។
អាចម៍ផ្កាយដែលកំពុងហោះមកកាន់ផែនដី និងមានឈ្មោះថា 2023 CL3 នេះ មានទទឹងប្រហែល 200 ម៉ែត្រ។ ណាសាបានដាក់អាចម៍ផ្កាយនេះទៅក្នុងក្រុម «ក្បែរផែនដី» ដែលត្រូវការតាមដានស្រាវជ្រាវបន្ត។
2023 CL3 មានទំហំធំជាងពីរដងធៀបនឹងរូបសំណាកសេរីភាព Statue of Liberty (កម្ពស់សរុបប្រហែល 93 ម៉ែត្រ)។ អាចម៍ផ្កាយនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បើសិនធ្លាក់មកលើផែនដី។
តាមការព្យាករ អាចម៍ផ្កាយនេះនឹងហោះកាត់មុខផែនដីនៅថ្ងៃទី 24 ឧសភា ក្នុងគម្លាត 7.2 លានគីឡូម៉ែត្រ។ គម្លាតពីផែនដីទៅឋានព្រះចន្ទគឺ 384,400 គីឡូម៉ែត្រ។ ក្រុមអ្នកវិទ្យាសាស្ត្រគណនាឃើញថា អាចម៍ផ្កាយនេះនឹងហោះកាត់មុខផែនដីដោយសុវត្ថិភាពក្នុងល្បឿនជាង 25,750 គីឡូម៉ែត្រ/ម៉ោង។
ណាសាបានរកឃើញថា បច្ចុប្បន្នមានអាចម៍ផ្កាយប្រហែល 1,113,527 ដុំ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ពួកវាគោចរជុំវិញព្រះអាទិត្យ និងប្រមូលផ្ដុំត្រង់តំបន់ខ្សែក្រវាត់អាចម៍ផ្កាយដែលនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍៕