សហរដ្ឋអាម៉េរិកគ្រោងនឹងផ្ដល់ជំនួយផ្នែកយោធាបន្ថែមចំនួន 1.2 ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការពារដែនអាកាស។
មន្ត្រីអាម៉េរិក កាលពីថ្ងៃទី 08 ឧសភា បានឱ្យដឹងថា ប្រទេសនេះគ្រោងនឹងប្រកាសអំពីកញ្ចប់ជំនួយថ្មីនៅថ្ងៃទី 09 ឧសភា។ កញ្ចប់ជំនួយនេះគ្រោងនឹងត្រូវបានផ្ដល់ឱ្យក្នុងរយៈពេលច្រើនខែ និងច្រើនឆ្នាំទៀតដើម្បីធានាសន្តិសុខក្នុងអនាគតរបស់អ៊ុយក្រែន ខុសពីជំនួយជាអាវុធ និងសម្ភារយោធាដែលត្រូវបានយកពីឃ្លាំងរបស់កងទ័ពអាម៉េរិកដោយផ្ទាល់ដែលធ្លាប់បានធ្វើឡើងនាពេលកន្លង។
កញ្ចប់ជំនួយថ្មីដែលមានតម្លៃ 1.2 ពាន់លានដុល្លារនេះនឹងធ្វើឱ្យកញ្ចប់ជំនួយយោធាសរុបដែលអាម៉េរិកផ្ដល់ឱ្យអ៊ុយក្រែន កើនឡើងដល់ជិត 37 ពាន់លានដុល្លារ រាប់ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ 2022 រហូតដល់បច្ចុប្បន្ន។
ព័ត៌មាននេះត្រូវបានលើកឡើងនៅក្នុងគ្រាដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនប្រឈមនឹងសម្ពាធខ្លាំងពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី នៅមុនការវាយបកទ្រង់ទ្រាយធំរបស់ទីក្រុងកៀវ។