រដ្ឋាភិបាលអាម៉េរិក អាចយកអាវុធតម្លៃ 500 លានដុល្លារពីឃ្លាំង ដើម្បីជញ្ជូនទៅឱ្យកោះតៃវ៉ាន់ភ្លាមៗ ក្នុងពេលភាពតានតឹងក្នុងតំបន់បន្តកើតឡើង។
ប្រភពព័ត៌មាននានា កាលពីថ្ងៃទី 05 ឧសភា បានឱ្យដឹងថា កញ្ចប់ជំនួយសម្រាប់កោះតៃវ៉ាន់ នឹងទាក់ទិននឹងការដកអាវុធ ឬសម្ភារៈជំនួយនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាម៉េរិក ទៅតាមច្បាប់ «សិទ្ធិបែងចែកប្រភពធនធានរបស់ប្រធានាធិបតី (PDA)» ប៉ុន្តែមិនទាន់ដឹងច្បាស់អំពីប្រភេទអាវុធ ក៏ដូចជាពេលវេលានៃការប្រគល់អាវុធ។
អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ ក្រោយមកក៏បានបដិសេធការអធិប្បាយអំពីបញ្ហាដែលថា តើសហរដ្ឋអាម៉េរិកបានពន្លឿនការផ្ដល់ជំនួយជាអាវុធតម្លៃ 500 លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ឬអត់។ «វិធីដែលយើងធ្វើគឺនៅតែសមស្របជាមួយនឹងគោលនយោបាយយូរអង្វែងរបស់សហរដ្ឋអាម៉េរិក។ យើងកំពុងប្រឹងប្រែងអនុវត្តកាតព្វកិច្ចទៅតាមច្បាប់ស្ដីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយនឹងបន្តធ្វើដូច្នេះ» នេះបើតាមអ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ។
អាជ្ញាធរចិននៅទីក្រុងប៉េកាំង មិនទាន់បញ្ចេញប្រតិកម្មតបតនៅឡើយ ទាក់ទិននឹងព័ត៌មាន និងការលើកឡើងខាងលើ។
សភាអាម៉េរិក មុននោះបានផ្ដល់សិទ្ធិឱ្យរដ្ឋាភិបាលផ្ដល់ជំនួយជាអាវុធតម្លៃមួយពាន់លានដុល្លារដល់កោះតៃវ៉ាន់ ទៅតាមច្បាប់ PDA ក្នុងករណីចាំបាច់ ដោយមិនត្រូវរង់ចាំការយល់ព្រមពីសភា។ សហរដ្ឋអាម៉េរិកធ្លាប់បានប្រើប្រាស់យន្តការបែបនេះជាង 30 លើក ដើម្បីជញ្ជូនអាវុធឱ្យអ៊ុយក្រែន។
ព័ត៌មានស្ដីពីការផ្ដល់ជំនួយជាអាវុធខាងលើ បានលេចឡើងនៅពេលស្ថានការណ៍តានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បន្តកើនឡើង។
ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ដែលរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ ហើយថា នឹងប្រើកម្លាំងបាយយកមកកាន់កាប់ បើសិនចាំបាច់។ ចំណែកសហរដ្ឋអាម៉េរិកវិញ បានសន្យាគោរពគោលការណ៍ «ចិនតែមួយ» ប៉ុន្តែបន្តរក្សាទំនាក់ទំនង ការពារ និងលក់អាវុធឱ្យកោះតៃវ៉ាន់។
ច្បាប់ស្ដីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ត្រូវបានអតីតប្រធានាធិបតីអាម៉េរិក Jimmy Carter ចុះហត្ថលេខាក្រោយពីសហរដ្ឋអាម៉េរិក បង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន កាលពីឆ្នាំ 1979។ ច្បាប់នេះតម្រូវឱ្យសហរដ្ឋអាម៉េរិក ជួយគាំទ្រដល់សមត្ថភាពការពារខ្លួនរបស់កោះតៃវ៉ាន់៕