រូបចម្លាក់ព្រះពុទ្ធសក្យមុនីដែលមានសំណាកឆព្វណ្ណរង្សីនៅពីក្រោយ អាចត្រូវបានជនជាតិឥណ្ឌាដែលរស់នៅក្នុងទីក្រុង Berenike ឆ្លាក់ឡើងកាលពីសតវត្សរ៍ទីមួយ។
រូបចម្លាក់ដែលមានអាយុកាល 1,900 ឆ្នាំ និងត្រូវបានរកឃើញនៅក្នុងទីក្រុងផែរបស់អេហ្ស៊ីបបុរាណ Berenike ក្បែរសមុទ្រក្រហមនេះ អាចជាកម្មសិទ្ធិរបស់ជនចំណាកស្រុកម្នាក់មកពីអាស៊ីខាងត្បូង។ នេះបើតាម Live Science ដែលបានចុះផ្សាយកាលពីថ្ងៃទី 02 ឧសភា។ រូបចម្លាក់ព្រះពុទ្ធនេះបរិយាយអំពីព្រះពុទ្ធសក្យមុនីដែលគង់នៅក្នុងតំបន់អាស៊ីខាងត្បូងកាលពី 2,550 ឆ្នាំមុន។ ព្រះពុទ្ធដើមឡើយគឺជារាជបុត្រាមួយអង្គ ប៉ុន្តែក្រោយមកបានបោះបង់គ្រប់យ៉ាងដើម្បីសាងព្រះផ្នួស។
យោងតាម Steven Sidebotham សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Delaware និងជាសហប្រធានរបស់គម្រោង Berenike រូបចម្លាក់ខាងលើត្រូវបានបង្កើតឡើងចន្លោះពីឆ្នាំ 90 ដល់ឆ្នាំ 140 ក្នុងសម័យចក្រភពរ៉ូមដែលគ្រប់គ្រងប្រទេសអេហ្ស៊ីប។ អេហ្ស៊ីប និងឥណ្ឌាមានទំនាក់ទំនងពាណិជ្ជកម្មជាច្រើនក្នុងសម័យនោះ។
ក្រៅពីរូបចម្លាក់នេះ ក្រុមបុរាណវិទូក៏បានរកឃើញចម្លាក់ជាអក្សរសំស្ក្រឹតនៅ Berenike ផងដែរ។ បើទោះអក្សរចម្លាក់នេះត្រូវបានបំផ្លាញ ប៉ុន្តែអ្នកស្រាវជ្រាវដឹងថា វាត្រូវបានបង្កើតឡើងក្នុងសម័យកាលដែលត្រួតត្រាដោយព្រះចៅអធិរាជរ៉ូម៉ាំង Marcus Julius Philippus ដែលគ្រងរាជពីឆ្នាំ 244 ដល់ឆ្នាំ 249។ សាស្ត្រាចារ្យ Sidebotham និងសហការីកំពុងរៀបចំ ត្រៀមសម្រាប់ការប្រកាសអំពីរបកគំហើញនេះនៅលើទស្សនាវដ្ដី។
យោងតាមអ្នកស្រាវជ្រាវ អក្សរចម្លាក់ជាភាសាសំស្ក្រឹតបង្ហាញថា មានសហគមន៍អ្នកជំនួញអេហ្ស៊ីបមួយរស់នៅក្នុងដែនដីអេហ្ស៊ីបបុរាណ ពោលគឺពួកគេមិនមែនគ្រាន់តែឆ្លងកាត់ទីនោះដើម្បីធ្វើជំនួញឡើយ។ ការកត់ត្រាក្នុងប្រវត្តិសាស្ត្រក៏បានបង្ហាញថា មានជនជាតិឥណ្ឌារស់នៅក្នុងតំបន់ Alexandria ផងដែរ៕