ព្រះចន្ទនឹងគោចរចូលក្នុងតំបន់ងងឹតខាងក្រោយរបស់ផែនដីនៅថ្ងៃទី 05 ឧសភា ធ្វើឱ្យព្រះចន្ទអ័ព្ទរស្មីជាងមុន បង្កើតបានជាបាតុភូតរាហូចាប់ចន្ទ្រ (ចន្ទគ្រាស) មួយចំហៀង។
បាតុភូតចន្ទគ្រាសនេះនឹងចាប់ផ្ដើមពីម៉ោង 22 និង 15 នាទី នៃថ្ងៃទី 05 ឧសភា (នៅកម្ពុជា) ហើយអាចមើលឃើញពីគ្រប់ទិសដែលមានព្រះចន្ទស្ថិតនៅឯនាយជើងមេឃ រួមមានទ្វីបអង់តាក់ទិក ទ្វីបអាស៊ី រុស្ស៊ី ទ្វីបអូសេអានី តំបន់អាហ្វ្រិកខាងត្បូង និងអាហ្វ្រិកកណ្ដាល។
ព្រឹត្តិការណ៍នេះនឹងឈានដល់ចំណុចកំពូលនៅម៉ោង 00 និង 24 នាទី ថ្ងៃទី 06 ឧសភា ហើយបញ្ចប់នៅម៉ោង 02 និង 32 នាទីក្នុងថ្ងៃដដែល នៅពេលព្រះចន្ទគោចរចេញផុតពីស្រមោលផែនដី។
ដូចទៅនឹងប្រភេទនៃបាតុភូតរាហូចាប់ចន្ទដទៃ ចន្ទគ្រាសមួយចំហៀងកើតឡើងដោយសារផែនដីគោចរឆ្លងកាត់តំបន់ចន្លោះរវាងព្រះចន្ទ និងព្រះអាទិត្យ។ ប្រការនេះធ្វើឱ្យពន្លឺដែលព្រះអាទិត្យជះទៅលើព្រះចន្ទត្រូវបាំងបិទដោយផែនដី គ្រាដែលស្រមោលរបស់ផែនដីជះទៅលើព្រះចន្ទ ហើយជាលទ្ធផល ព្រះចន្ទត្រូវងងឹតមួយផ្នែក មួយចំហៀង ឬងងឹតទាំងស្រុងទៅតាមទីតាំងរបស់ផែនដី ព្រះចន្ទ និងព្រះអាទិត្យ។