សាជីវកម្ម Sinopec ចាប់ផ្ដើមខួងអណ្ដូងប្រេង Yuejin 3-3 ជម្រៅ 9,472 ម៉ែត្រ នៅតំបន់បាតខ្ទះ Tarim ដែលស្ថិតក្នុងតំបន់ស្វយ័ត Xinjiang ប្រទេសចិន កាលពីថ្ងៃទី 01 ឧសភា 2023។
អណ្ដូងប្រេង Yuejin 3-3 នឹងជាជំហានដ៏ធំមួយនៅក្នុងសកម្មភាពរុករកប្រេងឧស្ម័នមហាជ្រៅ ជួយឱ្យប្រទេសចិនបង្កើនការផលិតប្រេងឆៅរបស់ខ្លួន។ តាមផែនការ សាជីវកម្មចិន Sinopec គ្រោងនឹងសម្រេចបានដំណាក់កាលខួងក្នុងរយៈពេល 170 ថ្ងៃ។
អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុងគម្រោងខួងដីមហាជ្រៅ Deep Earth ដែលបច្ចុប្បន្នបខួងអណ្ដូងបានចំនួន 120 កន្លែងដែលមានជម្រៅជាង 8,000 ម៉ែត្រ នៅតំបន់បាតខ្ទះ Tarim ។ នេះគឺជាតំបន់បាតខ្ទះដែលផ្ទុករ៉េប្រេងធំជាងគេបង្អស់នៅប្រទេសចិន ដោយកាន់កាប់ជាង 60% នៃធនធានប្រេងឧស្ម័នក្នុងដីមហាជ្រៅរបស់ប្រទេសនេះ។
ថ្វីបើការខួងអណ្ដូងប្រេងជ្រៅខ្លាំងគឺជារឿងលំបាក ប៉ុន្តែបន្ទាប់ពីបានអភិវឌ្ឍបច្ចេកវិទ្យា និងបច្ចេកទេសទំនើប ប្រទេសចិនក៏អាចដោះស្រាយបញ្ហានេះបានប្រសើរជាងមុន។ នេះបើតាម Wang Long ដែលជាអ្នកជំនាញប្រចាំវិទ្យាស្ថានស្រាវជ្រាវបច្ចេកទេសប្រេងឧស្ម័ន Sinopec។
អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុងគម្រោងខួងដីមហាជ្រៅ Deep Earth
លោក Wang Long ឱ្យដឹងថា «រយៈពេលនៃការខួងកាលពីបីឆ្នាំមុនគឺ 280 ថ្ងៃ ប៉ុន្តែបច្ចុប្បន្នបានថយមកនៅត្រឹម 97 ថ្ងៃ ខណៈដែលសុក្រឹតភាពនៅពេលខួងក៏កើនពី 60% ឡើងដល់ជាង 90%»៕