ប្រទេសតួកគីបានប្រកាសអំពីយុទ្ធនាការបួនម៉ោងនៅប្រទេសស៊ីរី ដើម្បីកំណត់ទីតាំង និងកម្ចាត់មេបញ្ជាការកំពូលបច្ចុប្បន្នរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (Islamic State)។
បណ្ដាផ្សព្វផ្សាយរបស់រដ្ឋតួកគី កាលពីថ្ងៃទី 01 ឧសភា បានបញ្ចេញរូបថតថ្មីបំផុតស្ដីពីផ្ទះដ៏រឹងមាំស្ថិតនៅកណ្ដាលវាលស្រែនៃខេត្ត Afrin ប្រទេសស៊ីរី ជាទីដែលកម្លាំងពិសេសរបស់តួកគីបានធ្វើការវាយប្រហារកម្ចាត់មេបញ្ជាការកំពូលរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi។
ទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា ក្រោយពីបានកំណត់ទីតាំងផ្ទះនេះ ដែលជាកន្លែងស្នាក់នៅរបស់ Qurashi ស្ថាប័នស៊ើបការណ៍សម្ងាត់របស់តួកគី (MIT) ក៏បានធ្វើយុទ្ធនាការរយៈពេលបួនម៉ោងក្នុងថ្ងៃទី 29 មេសា ដើម្បីឡោមព័ទ្ធមេភេរវករ។
MIT បានបំផ្ទុះជញ្ជាំងជុំវិញផ្ទះ មុននឹងសម្រុកចូលតាមច្រកទ្វារខាងក្រោយ និងតាមបង្អួច។ រូបភាពដែលត្រូវបានបញ្ចេញបង្ហាញថា មួយផ្នែករបស់ផ្ទះពីរជាន់នេះបានខូចខាតច្រើន។
Qurashi បានចុចបំផ្ទុះគ្រាប់បែកអត្តឃាតនៅពេលដឹងថា ខ្លួនជិតត្រូវបានគេចាប់។ ក្នុងការវាយលុកនេះ ភាគីខាងតួកគីពុំមានអ្នកស្លាប់ ឬរងរបួសនោះទេ។
ប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃទី 30 មេសា បានប្រកាសថា កម្លាំងស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះបានកម្ចាត់ Qurashi នៅក្នុងយុទ្ធនាការមួយនៅប្រទេសស៊ីរី។
Qurashi គឺជាមេបញ្ជាការកំពូលទីបួនរបស់ IS ដែលត្រូវបានតែងតាំងកាលពីខែវិច្ឆិកា 2022 បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូល Abu al-Hassan al-Hashemi al-Quraishi។ Qurashi បានចូលក្រុម IS ក្នុងឆ្នាំ 2013 និងបានទទួលការតែងតាំងជាបន្តបន្ទាប់យ៉ាងឆាប់រហ័សនៅក្នុងក្រុមភេរវករ។
តួកគីបានបញ្ជូនទ័ពទៅកាន់ភាគខាងជើងប្រទេសស៊ីរីតាំងពីឆ្នាំ 2020 និងគ្រប់គ្រងតំបន់ដ៏ធំមួយដោយមានការជួយគាំទ្រពីបណ្ដាក្រុមបះបោរនៅប្រទេសស៊ីរី៕