ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសារធាតុ terbium ជាលើកដំបូងនៅក្នុងបរិយាកាសរបស់ KELT-9b ដែលជាភពមួយក្នុងចំណោមភពក្រៅប្រព័ន្ធព្រះអាទិត្យដែលក្ដៅបំផុតធ្លាប់ត្រូវបានកត់ត្រានាពេលកន្លង។
KELT-9b មានសីតុណ្ហភាពជាមធ្យម 4,000 អង្សាសេ វិលជុំវិញផ្កាយមេ KELT-9 ដែលមានចម្ងាយពីផែនដីប្រហែល 670 ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺស្មើនឹង 9.46 ទ្រីលានគីឡូម៉ែត្រ)។ ភពនេះតែងតែជាទីចាប់អារម្មណ៍របស់អ្នកតារាសាស្ត្រចាប់តាំងពីត្រូវបានរកឃើញកាលពីឆ្នាំ 2016។
លទ្ធផលនៃការស្រាវជ្រាវថ្មីដែលបានប្រកាសលើទស្សនាវដ្ដី Astronomy and Astrophysics បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញលោហធាតុ terbium ដែលជាដីកម្រ នៅក្នុងបរិយាកាសរបស់ KELT-9b។
Terbium ត្រូវបានអ្នកវិទ្យាសាស្ត្រស៊ុយអែត Carl Gustaf Mosander រកឃើញជាលើកដំបូងក្នុងអណ្ដូងរ៉ែ Ytterby នៅប្រជុំកោះ Stockholm កាលពីឆ្នាំ 1843។ សារធាតុ terbium គឺជាដីដ៏កម្រ ក្នុងនោះ 99% នៃការផលិត terbium របស់ពិភពលោក គឺធ្វើឡើងនៅ Bayan Obo ដែលជាតំបន់ទាញយករ៉ែក្នុងដែនដីម៉ុងហ្កោលីខាងក្នុងរបស់ប្រទេសចិន។
ភព KELT-9b វិលជុំវិញផ្កាយមេ KELT-9
ការរកឃើញខាងលើនេះពិតជាមានសារសំខាន់ក្នុងការស្វែងយល់អំពីបណ្ដាភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ។ «កាន់តែយល់ច្បាស់អំពីលក្ខណៈសម្បត្តិរបស់បណ្ដាភព យើងក៏កាន់តែមានឱកាសច្រើនក្នុងការស្វែងរកឃើញផែនដី 2.0 ក្នុងអនាគត» Nicholas Borsato មកពីសាកលវិទ្យាល័យ Lund ដែលជាសមាជិករបស់ក្រុមស្រាវជ្រាវអំពីភព KELT-9b បញ្ជាក់ដូច្នេះ៕