យានអវកាស Hope របស់អេមីរ៉ាតអារ៉ាប់រួម (UAE) ផ្ដិតយករូបភាពរបស់ Deimos ដែលជាព្រះចន្ទមួយក្នុងចំណោមពីររបស់ភពព្រះអង្គារ បង្ហើបឱ្យដឹងខ្លះៗអំពីហេតុការណ៍ប៉ះទង្គិចគ្នាកាលពីយុគសម័យបុរាណ។
រូបភាពដែលថតបានក្នុងដំណើរហោះហើរក្បែរព្រះចន្ទ Deimos របស់យានអវកាស Hope កាលពីថ្ងៃទី 10 មីនា 2023 បង្ហាញថា ព្រះចន្ទនេះកកើតឡើងពីធាតុផ្សំដែលដូចទៅនឹងភពអង្គារ។ ប្រការនេះបញ្ជាក់ថា Deimos កកើតឡើងដំណាលគ្នានឹងភពអង្គារ ពុំមែនជាអាចម៍ផ្កាយដែលត្រូវបានស្រូបទាញដោយភពអង្គារដូចសម្មតិកម្មមួយចំនួនដែលបានលើកឡើងនាពេលកន្លង។ ការរកឃើញថ្មីនេះត្រូវបានអធិប្បាយនៅក្នុងកិច្ចប្រជុំរបស់សម្ព័ន្ធភូគព្ភសាស្ត្រអឺរ៉ុប (EGU) នៅប្រទេសអូទ្រីស ពីថ្ងៃទី 23 – 28 មេសា 2023។
រូបថតថ្មីនេះបង្ហាញឱ្យឃើញទិដ្ឋភាពភពអង្គារ និងព្រះចន្ទ Deimos ពីជ្រុងមួយដែលមិនធ្លាប់បានឃើញពីមុនមក។ មនុស្សបានបញ្ជូនយានទៅស្រាវជ្រាវភពអង្គារពេញមួយទសវត្សរ៍កន្លង ប៉ុន្តែយានទាំងអស់ភាគច្រើនធ្វើសកម្មភាពក្បែរផ្ទៃភពក្រហមនេះប៉ុណ្ណោះ។ មួយចំហៀងនៃព្រះចន្ទ Deimos តែងបែរទៅរកភពអង្គារដូចទៅនឹងព្រះចន្ទរបស់ផែនដី ដូច្នេះបណ្ដាយានក្បែរភពក្រហមនេះអាចមើលឃើញ Deimos តែមួយចំហៀងប៉ុណ្ណោះ។
Hope ត្រូវបានបាញ់បង្ហោះកាលពីពាក់កណ្ដាលឆ្នាំ 2020 និងហោះទៅដល់ភពអង្គារនៅដើមឆ្នាំ 2021។ នេះគឺជាយានអវកាសអន្តរភពដំបូងរបស់ប្រទេសមួយក្នុងពិភពអារ៉ាប់ និងផ្ដោតលើការស្រាវជ្រាវអំពីការប្រែប្រួលក្នុងបរិយាកាសភពនេះ។ ក្រោយពីសម្រេចភារកិច្ច Hope ក៏ត្រូវបានរុញច្រានឡើងទៅកាន់គន្លងគោចរខ្ពស់ជាងមុន នៅពីលើព្រះចន្ទ Deimos ដែលនេះជួយឱ្យអ្នកវិទ្យាសាស្ត្រថតបានទិដ្ឋភាពពីផ្នែកខាងលើរបស់ព្រះចន្ទនេះ។ នៅក្នុងរូបថតថ្មីនេះ ភពព្រះអង្គារនៅខាងក្រោយព្រះចន្ទ Deimos ។
យោងតាម Space ការរកឃើញថ្មីស្ដីពីព្រះចន្ទ Deimos ដែលមានទំហំប្រហែលតែ 12.4 (15 x 12 x 11) គីឡូម៉ែត្រនេះ ធ្វើឱ្យអ្នកវិទ្យាសាស្ត្រជាច្រើនភ្ញាក់ផ្អើល ព្រោះកន្លងមក ពួកគេតែងគិតថា Deimos គឺជាអាចម៍ផ្កាយដែលត្រូវបានភពអង្គារ «ចាប់ឃាត់ខ្លួន»។ លទ្ធផលនៃការសង្កេតថ្មីបង្ហាញថា ព្រះចន្ទមួយនេះទំនងជាផ្នែកមួយរបស់ភពអង្គារ ដែលបានខ្ទាតចេញទៅកាន់ទីអវកាសនៅក្នុងហេតុការណ៍ប៉ះទង្គិចមួយកាលពីអតីតកាល។ ព្រះចន្ទរបស់ផែនដីក៏ត្រូវបានគេជឿថា កើតឡើងពីហេតុការណ៍ប៉ះទង្គិចដូចគ្នានេះកាលពីរាប់ពាន់លានឆ្នាំមុន៕