Skip to content

ឥណ្ឌូណេស៊ី​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង 18 គ្រឿង​ទៀត​ពី​បារាំង

ការបញ្ជាទិញ​យន្តហោះ​ចម្បាំង​ 18 គ្រឿង​បន្ថែម​ទៀត​នេះ​ គឺ​​ស្ថិតក្នុង​ចំណោម​យន្តហោះ​ចម្បាំង Rafale 42 គ្រឿង​ដែល​ទីក្រុង​ហ្សា​កា​រ៉ា​តា​គ្រោង​នឹង​បញ្ជា​ទិញ​ពី​ប្រទេស​បារាំង ដើម្បី​ធ្វើ​ទំនើបកម្ម​កម្លាំង​ទ័ពអាកាស​របស់​ឥណ្ឌូណេស៊ី។

បណ្ដាញ​ផ្សព្វផ្សាយ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី 26 មេសា ដកស្រង់​ប្រភពព័ត៌មាន​ពី​សារព័ត៌មាន La Tribune របស់​បារាំង ឱ្យដឹងថា ប្រទេស​ឥណ្ឌូណេស៊ី​នឹង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន 18 គ្រឿង​បន្ថែមទៀត នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក។

ប្រភពព័ត៌មាន​ឱ្យដឹងថា ឥណ្ឌូណេស៊ី​បាន​ធានា​ចំពោះ​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​ការទិញ​យន្តហោះ​ចម្បាំង​ទាំងនោះ ក៏ដូចជា​បណ្ដា​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស។

កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale 18 គ្រឿង​បន្ថែមទៀត​នេះ​អាច​នឹង​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​នាពេលខាងមុខ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី Prabowo Subianto។

មុន​នោះ កាលពី​ខែកញ្ញា 2022 រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Prabowo ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន 6 គ្រឿង​ដំបូង​ដែលមាន​តម្លៃ​សរុប 1.1 ពាន់​លាន​ដុល្លារ​អាម៉េរិក។

Rafale ដែល​ជា​យន្តហោះ​ចម្បាំង​ប្រតិកម្ម​រហ័ស​ដ៏​ទំនើប មាន​ម៉ាស៊ីន​ពីរ​គ្រឿង ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Dassault Aviation និង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ព​បារាំង។ យន្តហោះ​នេះ​អាច​តាមដាន​គោលដៅ​ចំនួន 8 ក្នុងពេល​តែមួយ និង​បំពាក់​មី​ស៊ី​លបាញ់​ក្នុង​អាកាស​ ASRAAM, AMRAAM , មី​ស៊ី​ល​កម្ទេច​ផ្លូវ​រត់​ក្នុង​ព្រលានយន្តហោះ Apache រួម​នឹង​​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ជា​ដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *