Skip to content

យន្តហោះ​ចម្បាំង​ណា​តូ ដេញតាម​​ក្រុម​យន្តហោះ​រុស្ស៊ី​នៅ​សមុទ្រ​បាល់​ទិច

ទ័ពអាកាស​អាល្លឺម៉ង់​ប្រកា​សថាបាន​ចាត់​យន្តហោះ​ចម្បាំង​ទៅ​កំណត់​អត្តសញ្ញាណ និង​តាមដាន​ក្រុម​យន្តហោះ​បី​គ្រឿង​របស់​កងទ័ព​រុស្ស៊ី​នៅលើ​ដែនអាកាស​សមុទ្រ​បាល់​ទិ​ក។

«យន្តហោះ​ចម្បាំង Typhoon របស់​អាល្លឺម៉ង់ និង​អង់គ្លេស​ត្រូវបាន​ប្រកាស​ឱ្យ​ហោះ​ទៅ​កំណត់​អត្តសញ្ញាណ​យន្តហោះ​យោធា​បី​គ្រឿង ក្រោយមក​បានដឹងថា កងកម្លាំង​នេះ​មាន​យន្តហោះ​ចម្បាំង Su-27 បី​គ្រឿង និង​យន្តហោះ​ឈ្លប II-20 មួយគ្រឿង​របស់​រុស្ស៊ី ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែនអាកាស​អន្តរជាតិ​នៅ​សមុទ្រ​បាល់​ទិ​ក ដោយ​មិនបាន​បើក​ឧបករណ៍​ផ្សាយ​សញ្ញា» ទ័ពអាកាស​អាល្លឺម៉ង់​ប្រកា​សនា​ថ្ងៃនេះ​ដូច្នេះ។

ក្រុមមន្ត្រី​អាល្លឺម៉ង់ បាន​បញ្ចេញ​រូបភាព​ថត​ជិត បង្ហាញ​អំពី​ក្រុម​យន្តហោះ​រុស្ស៊ី ក្នុងនោះ​មាន​យន្តហោះ Su-27 ដែល​លាបថ្នាំ​ពណ៌​ជា​អក្សរ «Z» ​កំពុង​ផ្អៀងខ្លួន​មករក​យន្តហោះ​របស់​ណា​តូ។ ប៉ុន្តែ ទ័ពអាកាស​អាល្លឺម៉ង់​ពុំបាន​បញ្ជាក់ថា មាន​ហេតុការណ៍​កើតឡើង​រវាង​ក្រុម​យន្តហោះ​របស់​ភាគី​ទាំងពីរ ឬ​អត់។

ក្រសួងការពារជាតិ​រុស្ស៊ី មកដល់​បច្ចុប្បន្ន​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

រុស្ស៊ី និង​ណា​តូ តែងតែ​ចាត់​យន្តហោះ​ចម្បាំង ឬ​យន្តហោះ​ឈ្លប​ឱ្យ​ហោះហើរ​ក្បែរ​ដែនអាកាស​របស់​ភា​គី​ទាំងពីរ។ យន្តហោះ​របស់​ពួកគេ​ក៏​តែងតែ​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​បេសកកម្ម​ទាំងនេះ ប៉ុន្តែ​ភាគ​ច្រើន​កើតឡើង​ប្រកប​ដោយ​វិជ្ជាជីវៈ និង​សុវត្ថិភាព។

ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​បាល់​ទិ​កបាន​កើនឡើង​តាំងពី​ពាក់កណ្ដាល​ឆ្នាំមុន ដោយសារតែ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ក៏ដូចជា​បញ្ហា​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​សុំចូល​ជា​សមាជិក​ណា​តូ។ សម្ព័ន្ធ​យោធា​ណា​តូ​បាន​បញ្ចូល​ហ្វាំ​ង​ឡង់​ជា​សមាជិក ហើយ​បើសិន​ស៊ុយអែត​បាន​ក្លាយជា​សមាជិក​ណា​តូ​ទៀត រុស្ស៊ី​នឹង​ក្លាយជា​ប្រទេស​តែមួយគត់​ដែលមាន​ឆ្នេរ​ជាប់​នឹង​សមុទ្រ​បាល់​ទិ​ក​ តែ​​មិនមែនជា​សមាជិក​ណា​តូ៕

Leave a Reply

Your email address will not be published. Required fields are marked *