Skip to content

សាសនិក​ជិត 90 បាន​ស្លាប់​ ព្រោះ​តែ​ «ចង់​ជួប​ព្រះយេស៊ូ»

ក្រុម​មន្ត្រី​ប្រទេស​កេនយ៉ាន បាន​រកឃើញ​សាកសព​ 89 នាក់​ដែល​ទាក់​ទង​នឹង​មេដឹក​នាំ​​សមាគម​សាសនា​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចោទ​ថា បាន​អំពាវនាវ​ឱ្យ​សាសនិក​បង្អត់​អាហារ​ខ្លួន​ឯង​រហូត​ដល់​ស្លាប់ ដើម្បី​ «ជួប​ព្រះ​យេស៊ូ»។

«ក្រៅ​ពី​សាកសព​ចំនួន 73 នាក់​ដែល​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ យើង​បាន​រកឃើញ​សាកសព​ 16 នាក់​ទៀត ដូច្នេះ​សាកសព​សរុប​បាន​កើន​ឡើង​ដល់ 89 នាក់​» រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កេនយ៉ា Kithure Kindiki ថ្លែង​កាល​ពី​ថ្ងៃទី 25 មេសា​ដូច្នេះ​នៅ​ពេល​ទៅ​កាន់​កន្លែង​កើត​ហេតុ​ក្នុង​ព្រៃ Shakahola ក្បែរ​ទី​រួម​ស្រុក​ភាគ​ខាង​ត្បូង Malindi។

សាកសព​ភាគ​ច្រើន​ស្ថិត​ក្នុង​ផ្នូរ​បណ្ដោះ​អាសន្ន​ ខណៈ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ថា​នៅ​មាន​ជីវិត​ប៉ុន្តែ​ស្ថិត​ក្នុង​សភាព​អស់​កម្លាំង​ធ្ងន់​ធ្ងរ​ ហើយក្រោយ​មក​ក៏​បាន​ស្លាប់​។ ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «អំពើ​សម្លាប់​រង្គាល​ក្នុងព្រៃ Shakahola»។

សមត្ថកិច្ច​កេយ៉ា​បាន​ចាប់​ផ្ដើម​បិទ​ខ្ទប់​ និងស្វែងរក​នៅ​ក្នុង​តំបន់​ដែល​មាន​ទំហំ 325 ហិកតា​នៅ​ក្នុង​ព្រៃ Shakahola ចាប់​ពី​ថ្ងៃទី 21 មេសា បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​អំពី​ផ្នូរ​ខ្មោច​បណ្ដោះ​អាសន្ន​រាប់​សិប​​នៅ​ក្នុង​កសិដ្ឋាន​របស់ Makenzie Nthenge មេដឹក​នាំ​សមាគម​គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់​អន្តរជាតិ​នៅ​កេនយ៉ា​។ Makenzie Nthenge ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​អំពាវនាវ​ដល់​សាសនិក​​ឱ្យ​អត់​អាហារ​រហូត​ដល់​ស្លាប់​ដើម្បី «បាន​ចួប​ព្រះ​យេស៊ូ»។

លោក Kindiki បាន​ប្រាប់​ថា សមត្ថកិច្ច​កេនយ៉ា​បាន​រំដោះ​មនុស្ស​ចំនួន 34 នាក់​។ សមត្ថកិច្ច​កេនយ៉ា​ព្រមាន​ថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើន​ឡើង ខណៈ​ដែល​កាកបាទ​ក្រហម​កេនយ៉ា​បាន​ទទួល​ដំណឹង​ថា មាន​មនុស្ស​បាត់​ខ្លួន​ជាង​ 200 នាក់​។ សាសនិក​ជា​ច្រើន​ត្រូវ​បាន​គេ​ជឿ​ថា កំពុង​គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​។

Makenzie Nthenge ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន គ្រា​ដែល​សារព័ត៌មាន​កេនយ៉ា​រាយការណ៍​ថា ជន​នេះ​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម​អត់​អាហារ​ក្នុង​ពេល​រង់ចាំ​ឡើង​តុលាការ​។ «យើង​ជឿ​ថា Makenzi នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​» លោក Kindiki និយាយ​ដូច្នេះ ​និង​បន្ថែម​ថា ក្រុម​ជន​ល្មើស​​ក៏នឹង​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​។ ប៉ូលិស​កេយ៉ា​បាន​ចាប់​ខ្លួន​មនុស្ស​ 14 នាក់​ ដែល​ទាក់​ទិន​នឹង​ហេតុការណ៍​ខាងលើ​។

ប្រធានាធិបតី​កេនយ៉ា William Ruto កាល​ពី​ថ្ងៃទី 24 មេសា ប្រកាស​ថា លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ឱ្យ​ដល់​ឫស​គល់​បញ្ហា​ ហើយ​ថា Makenzie Nthenge គឺជា​ «ឧក្រិដ្ឋជន​ដ៏​សាហាវ​ដែល​បន្លំ​ជា​មេដឹក​នាំ​សមាគម​សាសនា»៕

Leave a Reply

Your email address will not be published. Required fields are marked *