Skip to content

បេសកកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ​ ៖ ណាសា​កំពុង​ញាប់​ដៃ​ញាប់​ជើង​ផលិត​ និង​ដំឡើង​រ៉ុក្កែត​សម្រាប់​​អ្នក​អវកាស​

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នក​អវកាស​ដែល​ចូលរួម​ក្នុង​បេសកកម្ម Artemis កំពុង​ត្រៀម​សម្រាប់​ការហោះហើរ​ឆ្ងាយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៅក្នុង​យានអវកាស Orion នា​ឆ្នាំ 2024 ក្នុងនោះ រ៉ុក្កែត​របស់​ពួកគេ​ក៏​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំឡើង។

នៅក្នុង​វីដេអូ​ដែល​ចែករំលែក​ដោយ​មជ្ឈមណ្ឌល​ហោះហើរ​អវកាស Marshall របស់​ណា​សា កំណាត់​ស្នូល​របស់​រ៉ុក្កែត​នៃ​ប្រព័ន្ធ​បាញ់​បង្ហោះ​ SLS ដែល​ប្រើ​ក្នុង​បេសកកម្ម Artemis 2 កំពុង​ត្រូវបាន​ផលិត​នៅឯ​រោងចក្រ​ដំឡើង Michoud របស់​ណា​សា ស្ថិត​ក្នុង​​តំបន់ New Orleans។ កំណាត់​ទាំង​ប្រាំ​របស់​រ៉ុក្កែត​ប្រវែង 65 ម៉ែត្រ ត្រូវបាន​ត​ភ្ជាប់​គ្នា ហើយ​កំណាត់​ដែល​ដាក់​គ្រឿង​ម៉ាស៊ីន​ទំនងជា​ផ្នែក​ចុងក្រោយបង្អស់។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា។

បន្ទាប់ពី​បាន​ផលិត​រួចរាល់ កំណាត់​ស្នូល SLS នឹង​ត្រូវបាន​ដឹកជញ្ជូន​ឆ្លងកាត់​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​ទៅកាន់ Florida ។ នៅ​ទីនោះ យាន​សម្រាប់​បាញ់​បង្ហោះ​នឹងត្រូវ​បាន​ដំ​ឡើងជា​រូបរាង​ពេញលេញ។

បើសិន​គ្រប់យ៉ាង​កើតឡើង​ដូច​​​ផែនការ ទីភ្នាក់ងារ​អវកាស​អាម៉េរិក​នឹង​បាញ់​បង្ហោះ​បេសកកម្ម Artemis II នៅក្នុង​ខែវិច្ឆិកា ឆ្នាំ 2024។ បេសកកម្ម​នេះ​នឹង​ដឹក​អវកាស​ចរ​បួនរូប​នៅក្នុង​ជើងហោះហើរ​សាកល្បង​ដែល​ត្រូវ​គោចរ​ជុំវិញ​គន្លង​តារា​វិថី​របស់​ឋាន​ព្រះ​ចន្ទ មុនពេល​ត្រលប់​មកកាន់​ផែនដី​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ប្រព័ន្ធ​នានា​របស់​រ៉ុក្កែត និង​យានអវកាស។ ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ជើងហោះហើរ​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​បេសកកម្ម Artemis III។

អ្នក​អវកាស​ដែល​នឹង​ត្រូវ​ហោះ​ហើរ​​ក្នុង​បេសកម្ម​ Artemis II រួម​មាន បីនាក់​មក​ពី​ណាសា គឺ មេបញ្ជាការ Reid Wiseman, អ្នកបើកបរ Victor Glover និង​អ្នក​ជំនាញ​ខាង​បេសកកម្ម Christina Koch រួម​នឹង​អ្នក​អវកាស Jeremy Hansen មក​ពី​ទីភ្នាក់​ងារ​អវកាស​កាណាដា​៕

Leave a Reply

Your email address will not be published. Required fields are marked *