ព្រះចន្ទនឹងត្រូវព្រះអាទិត្យលេបយកគ្មានសល់ក្រោយរយៈពេលប្រហែលប្រាំពាន់លានឆ្នាំទៀត បើសិនជាវាបន្តចាកឆ្ងាយពីផែនដីនៅក្នុងល្បឿនដូចបច្ចុប្បន្ន។
គន្លងតារាវិថីរបស់ព្រះចន្ទនៅជុំវិញផែនដី ហាក់ដូចជាមិនប្រែប្រួល ប៉ុន្តែជាក់ស្ដែង ព្រះចន្ទកំពុងតែចាកឆ្ងាយពីផែនដីយ៉ាងសន្សឹមៗ។
ក្រុមអ្នកវិទ្យាសាស្ត្រកំណត់បានល្បឿនដែលព្រះចន្ទចរចេញឆ្ងាយពីផែនដីដោយប្រើប្រាស់កញ្ចក់ដែលណាសាបានដាក់នៅឯឋានព្រះចន្ទនៅក្នុងបេសកកម្ម Apollo។ យោងតាមណាសា ក្នុងរយៈពេល 50 ឆ្នាំកន្លង ក្រុមអ្នកស្រាវជ្រាវបានបាញ់កាំរស្មីឡាសែរពីផែនដីទៅលើកញ្ចក់នោះ និងវាស់ពេលវេលាដើម្បីរកចំណាំងផ្លាត។ ដោយការប្រើប្រាស់ល្បឿនពន្លឺ អ្នកវិទ្យាសាស្ត្រគណនាឃើញថា ព្រះចន្ទកំពុងចរចាកចេញពីផែនដីក្នុងល្បឿនប្រហែល 3.8 សងទីម៉ែត្រ/ឆ្នាំ ដែលស្មើនឹងល្បឿននៃការដុះរបស់ក្រចកដៃ។
ព្រះចន្ទគោចរចេញឆ្ងាយពីផែនដីគឺដោយសារឥទ្ធិពលពីកម្លាំងទំនាញរវាងពួកវា ហើយកម្លាំងនេះធ្វើឱ្យរង្វិលជុំនៃអ័ក្សរបស់ផែនដីត្រូវយឺតជាងមុន។ យោងតាមអ្នកវិទ្យាសាស្ត្រ កាលពីប្រហែល 4.5 ពាន់លានឆ្នាំមុន នៅពេលព្រះចន្ទកកើតដំបូង ល្បឿនរង្វិលជុំនៃអ័ក្សរបស់ផែនដីគឺលឿនជាងបច្ចុប្បន្នឆ្ងាយណាស់ ដោយមួយថ្ងៃមានរយៈពេលប្រហែលតែប្រាំម៉ោងប៉ុណ្ណោះ។
ឥទ្ធិពលរបស់ជំនោរសមុទ្រក៏បន្ថយល្បឿនរង្វិលជុំនៃអ័ក្សរបស់ព្រះចន្ទ ហើយជាលទ្ធផល អ័ក្សរបស់ព្រះចន្ទត្រូវឈប់វិល ដោយមួយផ្នែករបស់វាត្រូវបែរមករកផែនដីជាដរាប។ ឥទ្ធិពលនេះក៏បន្លយល្បឿននៃរង្វិលជុំរបស់អ័ក្សផែនដី។ ក្នុងរយៈពេលប្រហែល 50 ពាន់លានឆ្នាំទៀត បើសិនមិនមានការរអាក់រអួល ល្បឿនរង្វិលជុំរបស់អ័ក្សផែនដីនឹងមានវាសនាដូចព្រះចន្ទ ពោលគឺមួយផ្នែករបស់ផែនដីនឹងបែរទៅរកព្រះចន្ទជានិច្ច។ ក្នុងពេលនោះ ផែនដី និងព្រះចន្ទនឹងឈប់ចាកឆ្ងាយពីគ្នា។
ក៏ប៉ុន្តែ ក្រោយរយៈពេលប្រហែលប្រាំពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងស្លាប់ ដោយវានឹងរីកធំឡើងទៅជាផ្កាយយក្សក្រហម។ ពេលនោះ ប្រព័ន្ធផែនដី – ព្រះចន្ទប្រាកដជានឹងត្រូវបានរំខាន និងបែកធ្លាយ។ បើសិនជាបន្តចាកឆ្ងាយពីផែនដីក្នុងល្បឿនដូចបច្ចុប្បន្ន ព្រះចន្ទនឹងឆ្ងាយពីផែនដីប្រហែល 189,000 គីឡូម៉ែត្របន្ថែមទៀត ហើយក៏នឹងត្រូវផ្កាយយក្សក្រហមលេបយកគ្មានសល់៕