Skip to content

សង្គ្រាម​នៅ​ស៊ូដង់ ៖ ប្រទេស​នានា​នាំ​គ្នា​ជម្លៀស​ពលរដ្ឋត្រលប់​ទៅ​ស្រុក

បណ្ដា​ក្រុម​ប្រដាប់អាវុធ​របស់​អាម៉េរិក និង​អង់គ្លេស បាន​ជម្លៀស​បុគ្គលិក​ស្ថានទូត​ចេញពី​ប្រទេស​ស៊ូដង់ ស្រប​ពេលដែល​​ប្រទេស​ដទៃទៀតកំពុង​ «​ដុតដៃដុតជើង​» នាំ​ពលរដ្ឋ​របស់​ពួកគេ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព គ្រា​ដែល​ក្រុម​​ប្រដាប់​អាវុធ​​នានា​នៅ​ស៊ូដង់ ប្រយុទ្ធ​ដណ្ដើម​អំណាច​​គ្នា​នៅក្នុង​រដ្ឋធានី​ខាទុំ (Khartoum) កាលពី​ថ្ងៃទី 23 មេសា។

ការប្រយុទ្ធ​គ្នា​ខាងលើ​ដែល​បាន​កើតឡើង​កាលពី 8 ថ្ងៃមុន រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង​យោធា​ប៉ា​រ៉ា (RSF) បាន​ផ្ទុះអាវុធ​ដាក់គ្នា បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 420 នាក់​បាត់​បង់ជីវិត និង​រាប់លាន​នាក់​ត្រូវ​ជាប់គាំង មិនអាច​ទទួល​សេវាកម្ម​ចាំបាច់។

នៅពេល​ប្រជាជន​ព្យាយាម​រត់គេច​ពី​សង្គ្រាម ប្រទេស​ជាច្រើន​ក៏បាន​បញ្ជូន​យន្តហោះ និង​ក្បួន​រថយន្ត​ទៅកាន់​រដ្ឋធានី​ខាទុំ ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ។

បារាំង​បានឱ្យដឹងថា យន្តហោះ​មួយគ្រឿង​របស់​ខ្លួន​បាន​ដឹក​មនុស្ស​ប្រហែល 100 នាក់​ចាកចេញ​ទៅ​​កាន់ Djibouti ហើយ​យន្តហោះ​ជើង​ទី​ពីរ​​នឹង​ធ្វើ​សកម្មភាព​ជម្លៀស​នាពេល​ដ៏​ខ្លី​ខាងមុខ។

ប្រភពព័ត៌មាន​នានា​បាន​រាយការណ៍​ថា ការផ្ទុះអាវុធ​ដាក់គ្នា​រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង​ប៉ា​រ៉ា RSF នៅ​ស៊ូដង់ បានធ្វើឱ្យ​ពលរដ្ឋ​អ៊ីរ៉ាក់​ម្នាក់​បាត់បង់​ជីវិត និង​អ្នកការទូត​មួយរូប​របស់​អេ​ហ្ស៊ី​ប​ត្រូវ​រងរបួស។

អាល្លឺម៉ង់​បានឱ្យដឹងថា ប្រទេស​នេះ​បាន​បញ្ជូន​យន្តហោះ​យោធា​មួយគ្រឿង​នៅ ខាទុំ​។ ចំណែក​អ៊ីតាលី​វិញ ក៏បាន​និយាយថា ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​ស៊ូដង់ កាលពី​ថ្ងៃទី 23 មេសា។ ហ្កា​ណា ឥណ្ឌា និង​លី​ប៊ី កំពុងតែធ្វើការ​ដើម្បី​នាំ​ពលរដ្ឋ​ត្រលប់​ទៅ​ស្រុករៀងៗខ្លួន។

ប្រទេស​នានា​នាំ​គ្នា​ជម្លៀស​ពលរដ្ឋត្រលប់​ទៅ​ស្រុក

កាលពី​ថ្ងៃទី 23 មេសា អង់គ្លេស​បានឱ្យដឹងថា បាន​ជម្លៀស​បុគ្គលិក​ការទូត និង​ញាតិ​របស់​ពួកគេ​ចេញពី​ស៊ូដង់។ ហូ​ឡង់​គឺជា​ប្រទេស​ថ្មី​បំផុត​ដែល​បានប្រកាស​ជម្លៀស​ពលរ​ដ្ឋ​របស់​ខ្លួន​​ចេញពី​ស៊ូដង់។

ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅ ខាទុំ និង​បណ្ដា​ទីក្រុង​ដែល​នៅក្បែរនោះ រួមមាន Omdurman និង Bahri រួម​នឹង​បណ្ដា​តំបន់​នៅ​ស៊ូដង់​កាលពី​ថ្ងៃទី 15 មេសា។

កងទ័ព​ស៊ូដង់ និង RSF បានរួម​គ្នា​ធ្វើ​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ 2021 ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​ចរចា​អំពី​ផែនការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល និង​បញ្ចូល RSF ទៅក្នុង​កងកម្លាំងប្រដាប់អាវុធ។

ការផ្ទុះ​សង្គ្រាមស៊ីវិលភ្លាមៗនៅ​ស៊ូដង់ បាន​បំផ្លាញ​ផែនការ​ស្ដារ​របប​ប្រជាធិបតេយ្យ រុញច្រាន​ប្រទេស​ក្រីក្រ​មួយ​នេះ​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​មនុស្សធម៌ និង​ប្រឈម​នឹង​សង្គ្រាម​ធំ​ដែល​អាច​អូ​ទាញ​មហាអំណាច​បរទេស៕

Leave a Reply

Your email address will not be published. Required fields are marked *