Skip to content

សមាជិក​ទាំងអស់​​របស់​ណាតូ ​យល់ព្រម​ថា​នឹង​បញ្ចូល​អ៊ុយ​ក្រែ​ន​ជា​សមាជិក

អគ្គលេខាធិការ​នៃ​សម្ព័ន្ធមិត្ត​យោធា​ណា​តូ (NATO) លោក Stoltenberg បានឱ្យដឹងថា សមាជិក​ទាំងឡាយ​បាន​យល់ព្រម​បញ្ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​សមាជិក ក្រោយពី​សង្គ្រាម​បានបញ្ចប់។

«ប្រធានាធិបតី​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី មាន​ក្ដីសង្ឃឹម​យ៉ាង​ជាក់លាក់ ហើយ​យើង​បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ចូល​ជា​សមាជិក និង​ការធានា​សន្តិសុខសម្រាប់​ទីក្រុង​កៀវ» អគ្គលេខាធិការ​ណា​តូ លោក Jens Stoltenberg បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី 21 មេសា​ដូច្នេះ។ លោក​បន្ថែមថា «សមាជិក​ទាំងអស់​យល់​ស្រប​ថា អ៊ុយ​ក្រែ​ន​នឹង​ក្លាយជា​សមាជិក​របស់​ស​ម្ព័​ន្ធ​នេះ»។

លោក Stoltenberg មិនបាន​លើកឡើង​ពេលវេលា​ដែល​អ៊ុយ​ក្រែ​ន​អាច​ចូល​ជា​សមាជិក​ណា​តូ ព្រោះថា ប្រការនេះ​នឹង​អាច​កើតឡើង​តែ​នៅពេល​សង្គ្រាម​បានបញ្ចប់។ «បច្ចុប្បន្ន​មិនមាន​នរណា​អាច​កំណត់​ពេលវេលា និង​រូបមន្ត​ក្នុងការ​បញ្ចប់សង្គ្រាម ប៉ុន្តែ​នៅពេល​បញ្ចប់ យើង​ត្រូវការ​ធានាថា ប្រវត្តិសាស្ត្រ​នេះ​នឹង​មិន​កើត​ឡើង​ជា​ថ្មី» អគ្គលេខា​ធិ​ប​កា​រណា​តូ​បញ្ជាក់បន្ថែម។

ប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​នៅ​ខាងក្រៅ​កិច្ចប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រី​ការពារជាតិ​ស្ដីពី​ជំនួយ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន នៅ​ប្រទេស​អាល្លឺម៉ង់។

លោក Stoltenberg មួយ​ថ្ងៃមុន​នោះបាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​កៀវ និង​ប្រកាសថា «អនាគត​របស់​អ៊ុយ​ក្រែ​ន​គឺ​ការ​​ក្លាយជា​សមាជិក​របស់​ណា​តូ»។ បន្ទាប់មក រុស្ស៊ី​ក៏បាន​បញ្ជាក់​ជាថ្មី​ថា ការរារាំង​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​ណា​តូ​នៅតែ​ជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅសំខាន់ៗរបស់​ប្រទេស​នេះ។

រុស្ស៊ី តាំងពី​យូរ​មកហើយ ធ្លាប់បាន​ប្រកាសថា ដំណើរ​ឆ្ពោះ​មក​ទិសខាងកើត​របស់​ណា​តូ គឺជា​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សន្តិសុខ បង្ខំ​ឱ្យ​ទីក្រុង​មូ​ស្គូ​ត្រូវធ្វើ​យុទ្ធនាការ​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែ​ន។

កាលពី​ខែកញ្ញា 2022 អ៊ុយ​ក្រែ​ន​បាន​ចុះហត្ថលេខា​លើ​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ បន្ទាប់ពី​រុស្ស៊ី​បាន​រឹបអូស​យក​ខេត្ត​ចំនួន​បួន​នៅ​អ៊ុយ​ក្រែ​ន។ ទីក្រុង​កៀវ​បាន​បញ្ចូល​គោលដៅ​នេះ​ទៅក្នុង​រដ្ឋធម្មនុញ្ញ​តាំងពី​ឆ្នាំ 2019 បើ​ទោះ​មានការ​ព្រមាន​ពី​រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *