Skip to content

អាម៉េរិក​​សហការ​ជាមួយ​ជប៉ុន​ក្នុង​ការហោះ​ទៅយក​ដី​ពី​ព្រះ​ចន្ទ​របស់​ពិភព​អង្គារ

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ជាមួយនឹងចាសា (JAXA) របស់​ជប៉ុន ដើម្បី​ចូលរួម​បេសកកម្ម​ស្រាវជ្រាវ​ទៅលើ​ព្រះ​ចន្ទ​របស់​ផ្កាយ​ព្រះ​អង្គារ (MMX)។

អនុស្សារណៈ​នៃ​ការយោគយល់​ខាងលើនេះ​នឹង​អនុញ្ញាតឱ្យ​ណា​សា​ផ្ដល់​ប្រព័ន្ធ​ពិសោធ​សម្រាប់​ការស្រាវជ្រាវ​នៅ​ឋាន​ព្រះ​ចន្ទ​របស់​ពិភព​អង្គារ និង​ឧបករណ៍​យក​សំណាក​ឧស្ម័ន​សម្រាប់​បំពាក់​លើ​យានអវកាស​របស់​បេសកកម្ម MMX។ MMX មាន​តួនាទី​យក​​សំណាក​ដី​ពី​ព្រះ​ចន្ទ Phobos របស់​ពិភព​អង្គារ និង​នាំមក​​កាន់​ផែនដី។

យានអវកាស MMX របស់​ជប៉ុន​គ្រោង​នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ឆ្នាំ 2024 និង​ឆ្ពោះ​ចូលដល់​គន្លង​គោចរ​របស់​ពិភព​អង្គារ​នៅ​ឆ្នាំ 2025។ MMX នឹង​ហោះ​ទៅកាន់​ព្រះ​ចន្ទ​ទាំងពីរ​របស់​ពិភព​អង្គារ គឺ Phobos និង Deimos ប៉ុន្តែ​នឹង​ចុះចត​លើតែ​​ព្រះ​ចន្ទ​ធំជាងគេ Phobos ប៉ុណ្ណោះ។

MMX នឹង​ចុះចត​លើដី​ព្រះ​ចន្ទ Phobos ក្នុង​រយៈពេល​មិន​ច្រើន​​ម៉ោង​​ដើម្បី​យក​សំណាក​ដី។ សំណាក​ដី​នោះ​នឹងត្រូវ​បាន​នាំមក​កាន់​ផែនដី​នៅ​ឆ្នាំ 2029 ដើម្បីឱ្យ​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​សិក្សា​ស្រាវជ្រាវ។ នេះ​នឹង​ក្លាយជា​សំណាក​ដី​ដំបូង​គេ​ដែល​ត្រូវបាន​យក​ដោយផ្ទាល់​ពី​ព្រះ​ចន្ទ Phobos។

​ព្រះ​ចន្ទ​ទាំងពីរ​របស់​ពិភព​អង្គារ គឺ Phobos និង Deimos

ទីភ្នាក់ងារ​អវកាស​ជប៉ុន ចា​សា ធ្លាប់​ទទួលបាន​ជោគជ័យ​ក្នុង​ការយក​សំណាក​ដី​ពី​អាចម៍ផ្កាយ​នានា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​នាពេល​កន្លង។ ឆ្នាំ 2010 យានអវកាស Hayabusa បាន​នាំយក​ដុំថ្ម​ពី​អាចម៍ផ្កាយ Itokawa មកកាន់​ផែនដី។ យាន Hayabusa2 របស់​ជប៉ុន​ក៏​ធ្លាប់បាន​នាំយក​សំណាក​ដី​ពី​អាចម៍​ផ្កាយ Ryugu មកកាន់​ផែនដី​ប្រកបដោយ​ភាពរលូន​​ផងដែរ​ កាលពី​ឆ្នាំ 2020៕

Leave a Reply

Your email address will not be published. Required fields are marked *