កងកម្លាំង Houthi បានឱ្យដឹងថា យ៉ាងតិចណាស់មានមនុស្ស 79 នាក់បានស្លាប់ និងជាង 100 នាក់រងរបួសនៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នាក្នុងពិធីចែកអំណោយមនុស្សធម៌នៅរដ្ឋធានីសាណា។
«ហេតុការណ៍កើតឡើងក្នុងពិធីចែកអំណោយមនុស្សធម៌ដែលធ្វើឡើងដោយក្រុមអ្នកជំនួញនៅរដ្ឋធានី សាណា» ស្ថាប័នមហាផ្ទៃរបស់កងកម្លាំង Houthi នៅយេម៉ែន នាថ្ងៃនេះបានឱ្យដឹងដូច្នេះ។ ជនរងគ្រោះត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ខណៈដែលក្រុមអ្នកចែកអំណោយក៏ត្រូវបានចាប់ខ្លួន។ ចំណែកក្រុមមន្ត្រី Houthi ក៏បានស្នើឱ្យមានការស៊ើបអង្កេតលើហេតុការណ៍នេះ។
ពិធីចែកអំណោយនេះធ្វើឡើងមុនថ្ងៃបុណ្យ Eid al-Fitr ដែលជាថ្ងៃបញ្ចប់រដូវបុណ្យរ៉ាម៉ាដានរបស់អ៊ីស្លាមសាសនិក។
សង្គ្រាមបានផ្ទុះឡើងនៅយេម៉ែនចាប់ពីចុងឆ្នាំ 2014 នៅពេលកងកម្លាំង Houthi គ្រប់គ្រងដែនដីជាច្រើននៅប្រទេសនេះ រួមទាំងរដ្ឋធានីសាណា។ សម្ព័ន្ធយោធាដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចូលធ្វើអន្តរាគមន៍នៅយេម៉ែនចាប់ពីខែមីនា 2015 ដើម្បីប្រឆាំង Houthi និងពង្រឹងរដ្ឋាភិបាលដែលអន្តរជាតិទទួលស្គាល់របស់ប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលកំពុងនិរទេសខ្លួននៅបរទេស។
ក៏ប៉ុន្តែ Houthi នៅតែកាន់កាប់ទឹកជាច្រើនតំបន់របស់យេម៉ែន ក្នុងនោះក៏មានរដ្ឋធានីសាណា និងបន្តវាយប្រហារលើទឹកដីអារ៉ាប៊ីសាអូឌីតដើម្បីសងសឹក។ សង្គ្រាមនៅយេម៉ែនបានបង្កឱ្យមានមនុស្សស្លាប់ជាង 150,000 នាក់ ក្នុងនោះមានជាង 14,000 នាក់ជាជនស៊ីវិល។
សង្គ្រាមខាងលើក៏រុញច្រានយេម៉ែនឱ្យធ្លាក់ទៅក្នុងគ្រោះទុរភិក្ស។ អង្គការសហប្រជាជាតិបានហៅគ្រោះអត់ឃ្លាននេះថាជាសោកនាដកម្មមនុស្សធម៌ដ៏អាក្រក់បំផុតលើពិភពលោក និងបានឱ្យដឹងថា មនុស្សជាង 21.7 លាននាក់ ស្មើនឹង 2/3 នៃចំនួនប្រជាជនសរុបនៅយេម៉ែន ត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នាំនេះ៕