Skip to content

អាចម៍ផ្កាយ​ធំ​ជាង​តួ Eiffel នៅ​ប្រទេស​បារាំង ជិត​ហោះ​កាត់ពី​មុខ​ផែនដី

អាចម៍ផ្កាយ 2006 HV5 ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា នឹង​ហោះ​កាត់មុខ​ផែនដី​ក្នុង​ល្បឿន​ប្រហែល 62,600 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ប្រហែល 22 ដង ធៀប​នឹង​ល្បឿន​របស់​គ្រាប់កាំភ្លើង នៅ​ថ្ងៃទី 26 មេសា​ខាងមុខ។

2006 HV5 មាន​ប្រវែង​ប្រហែល 400 ម៉ែត្រ វែង​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​តួ Eiffel នៅ​ទីក្រុង​បារី​ស ដែលមាន​កម្ពស់​ត្រឹមតែ​ប្រហែល 300 ម៉ែត្រ។ អាចម៍ផ្កាយ​នេះ​នឹង​ហោះ​មក​ក្បែរ​ផែនដី​ក្នុង​គម្លាត​ឆ្ងាយ​ជាង 6.3 ដង​ធៀប​នឹង​ចម្ងាយ​ពី​ព្រះ​ចន្ទ​មក​ផែនដី ពោលគឺ​ប្រហែល 2.4 លាន​គីឡូម៉ែត្រ។ នេះ​បើតាម​ទិន្នន័យ​ពី​ណា​សា។

អាចម៍ផ្កាយ​គឺជា​ដុំថ្ម​ទាំងឡាយ​ដែល​នៅ​សេស​ស​ល់ពី​ដំណាក់កាល​កកើត​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​រាប់ពាន់​លាន​ឆ្នាំមុន។ អាចម៍ផ្កាយ​ភាគច្រើន​ស្ថិតនៅក្នុង​តំបន់​ខ្សែក្រវាត់​អាចម៍ផ្កាយ។ អាចម៍ផ្កាយ​អាចមាន​ទំហំ​ប្រហែល 9 ម៉ែត្រ និង​ធំ​បំផុត​ត្រឹម​រាប់រយ​គីឡូម៉ែត្រ។ អាចម៍ផ្កាយ​ធំជាងគេ​បង្អស់​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​គឺ Ceres ដោយមាន​ប្រវែង 945 គីឡូម៉ែត្រ និង Vesta មាន​ប្រវែង 530 គីឡូម៉ែត្រ។

2006 HV5 គឺជា​មួយ​ក្នុងចំណោម​វត្ថុ​អវកាស​ជាង 31,000 ដុំ​ដែល​ស្ថិត​នៅក្បែរ​ផែនដី (NEO) និង​​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ។ NEO ត្រូវ​បានកំណត់​និយមន័យ​ថា​ជាវ​ត្ថុ​អវកាស​ដែល​ហោះ​ក្នុង​គម្លាត​ពី​ផែនដី​ចាប់ពី 48 លាន​គីឡូម៉ែត្រ​មកក្រោម។ ពួកវា​នឹងត្រូវ​បានចាត់ចូល​​ក្នុង​ក្រុម​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី បើសិន​មាន​គម្លាត​ប្រហែល 7.4 លាន​គីឡូម៉ែត្រ និង​មាន​អង្កត់ផ្ចិត​ធំ​ជាង 140 ម៉ែត្រ។

មកដល់​បច្ចុប្បន្ន ណា​សា​កំណត់​បាន​អាចម៍ផ្កាយ​ប្រហែល 2,300 ដុំ​ដែលមាន​លទ្ធភាព​បង្ក​គ្រោះថ្នាក់។ យ៉ាង​ណា​ក៏​ដោយ 2006 HV5 ពិបាក​បង្ក​ការប៉ះទង្គិច​ជាមួយ​ផែនដី ប៉ុន្តែ​វា​គ្រាន់តែ​ហោះ​កាត់​ពីមុខ​ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *