ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន និងភរិយា Jill កាលពីថ្ងៃទី 18 មេសា បានបញ្ចេញឯកសារបង់ពន្ធអាករ បង្ហាញថា ស្វាមីភរិយាមួយគូនេះមានប្រាក់ចំណូលជិត 580,000 ដុល្លារអាម៉េរិកក្នុងឆ្នាំកន្លង។
យោងតាមរបាយការណ៍ស្ដីពីប្រាក់ចំណូល ស្វាមីភរិយាលោក បៃដិន រកបានប្រាក់ 579,514 ដុល្លារអាម៉េរិកនៅក្នុងឆ្នាំ 2022 និងបានបង់ពន្ធអស់ 137,658 ដុល្លារ។ កាលពីឆ្នាំ 2021 ដែលជាឆ្នាំដំបូងលោក បៃដិន ឡើងកាន់អំណាច ប្រាក់ចំណូលរបស់លោក និងភរិយាគឺ 610,702 ដុល្លារ។
លោក បៃដិន ទទួលបានប្រាក់បៀវត្សរ៍សម្រាប់ប្រធានាធិបតីចំនួន 400,000 ដុល្លារ ខណៈដែលជំទាវទីមួយ Jill Biden រកបាន 82,335 ដុល្លារ ពីការងារបង្រៀននៅសាលា Northern Virginia ។ ប្រាក់ចំណូលផ្សេងពីនេះរបស់ពួកគាត់គឺបានមកពីការវិនិយោគ ប្រាក់ចូលនិវត្តន៍ និងប្រាក់កម្មសិទ្ធិសៀវភៅជាដើម។ល។
គ្រួសារលោក បៃដិន បានបរិច្ចាគប្រហែល 3.5% នៃប្រាក់ចំណូលរបស់ពួកគាត់ ដែលស្មើនឹង 20,180 ដុល្លារ ទៅឱ្យអង្គការមនុស្សធម៌ចំនួន 20 ស្ថាប័ន។
ចំណែកអនុប្រធានាធិបតី Kamala Harris និងស្វាមី Doug Emhoff មានប្រាក់ចំណូល 456,918 ដុល្លារអាម៉េរិក និងបានបង់ពន្ធ 93,570 ដុល្លារ ស្មើនឹង 20.5% នៃប្រាក់ចំណូលសរុប៕