កម្លាំងសម្ងាត់អាម៉េរិកត្រូវបានប្រកាសអាសន្នបន្ទាប់ពីប្រព័ន្ធសន្តិសុខនៅសេតវិមានបានបញ្ចេញសញ្ញា ប៉ុន្តែ «ជនដែលសម្រុកចូល» គ្រាន់តែជាកុមារមួយរូបដែលទើបតែចេះដើរ។
ប្រធានផ្នែកព័ត៌មានរបស់អង្គភាពសម្ងាត់អាម៉េរិក Anthony Guglielmi កាលពីថ្ងៃទី 18 មេសាបានឱ្យដឹងថា កុមារម្នាក់បានវារកាត់តាមរបងដែកនៅទិសខាងជើងរបស់សេតវិមាន នាំឱ្យប្រព័ន្ធប្រកាសអាសន្នផ្នែកសន្តិសុខបញ្ចេញសកម្មភាព។
«មន្ត្រីសម្ងាត់បានឃើញភ្ញៀវតូចដែលកំពុងចង់ដឹងចង់ឃើញ បានវារឡើងតាមរបងទិសខាងជើងដើម្បីចូលមកក្នុងបរិវេណសេតវិមានក្នុងរយៈពេលខ្លី។ ភ្លាមនោះប្រព័ន្ធសន្តិសុខក៏ចាប់ផ្ដើមធ្វើការប្រកាសអាសន្នដល់កម្លាំងសម្ងាត់ ហើយកុមារនោះក៏ត្រូវបាននាំទៅប្រគល់ឱ្យឪពុកម្ដាយ» Gugliemli ឱ្យដឹងដូច្នេះ។
យោងតាមសមត្ថកិច្ច ក្មេងតូចនេះគឺជាកូនរបស់ប្ដីប្រពន្ធជនជាតិកាណាដាដែលមកលេងរដ្ឋធានីវ៉ាស៊ីងតោន។ អ្នកនាំពាក្យអង្គភាពសម្ងាត់ Paul Mayhair និយាយថា កុមាររូបនេះទំនងជាមនុស្សដំបូងគេដែលបានឆ្លងកាត់របងដែកថ្មីនៅខាងក្រៅសេតវិមាន។ របងថ្មីនេះខ្ពស់ជាងរបងចាស់ និងបានដំឡើងខាងក្រៅសេតវិមានតាំងពីដើមឆ្នាំ 2020។
នេះមិនមែនជាលើកដំបូងទេដែលក្មេងតូចវារឆ្លងកាត់របងសេតវិមាន។ ហេតុការណ៍ដូចគ្នានេះក៏បានកើតឡើងកាលពីឆ្នាំ 2014 នៅមុនពេលប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាអំពីបញ្ហាប្រទេសអ៊ីរ៉ាក់។ ហេតុការណ៍នេះបាននាំឱ្យមានការបិទខ្ទប់សេតវិមានជាបណ្ដោះអាសន្ន ហើយសេចក្ដីថ្លែងការណ៍របស់លោក អូបាម៉ា ក៏ត្រូវបានពន្យារពេល៕